ក្រុមហ៊ុនចិនមួយ មានបំណងបណ្តាក់ទុនវិនិយោគកែច្នៃថ្មម៉ាប និងផលិតថ្មម៉ាបសិប្បនិម្មិតនៅកម្ពុជា
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ជា វុទ្ធី និងសហការីបានទទួលជួបពិភាក្សាការងារជាមួយលោក ម៉ាយ ជាំងទ្បុង (Mai Jianglong) អនុប្រធានក្រុមហ៊ុន China Minsheng Stone Industry Group មកពីទីក្រុងស៊ាមិន សាធារណរដ្ឋប្រជាមានិតចិន។ ក្រុមហ៊ុនមានបំណងបណ្តាក់ទុនវិនិយោគកែច្នៃថ្មម៉ាប និងផលិតថ្មម៉ាបសិប្បនិម្មិតនៅកម្ពុជា។

មានមិតិក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍ និងគាំទ្រគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា និងបានជម្រាបជូនក្រុមហ៊ុនពីបរិស្ថានវិនិយោគនៅកម្ពុជាដែលពោរពេញដោយភាពអំណោយផល ពិសេស របបលើកទឹកចិត្តវិនិយោគ និងវិធានការគាំទ្រនានារបស់រាជរដ្ឋាភិបាលដែលបានបន្តដាក់ចេញសំដៅធ្វើឱ្យបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរទ្បើង និងកាន់តែមានភាពទាក់ទាញ។ ក្នុងន័យនេះ ឯកឧត្តមអគ្គលេខាធិការបានលើកទឹកចិត្តឱ្យក្រុមហ៊ុនរួសរាន់សម្រេចចិត្តក្នុងការបណ្តាក់ទុនវិនិយោគដើម្បីឆាប់ទទួលបានផលចំណេញ និងបានជំរុញឱ្យក្រុមហ៊ុនខិតខំប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនឱ្យអស់សមត្ថភាពដើម្បីចូលរួមបង្កើតតម្លៃបន្ថែម៕ ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា



