ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីក្រុងបាងកកនឹងដំឡើងតម្លៃប្រមូលសំរាម ៤ដង ចាប់ពីថ្ងៃទី ០១ ខែតុលា នៅក្រោមបទបញ្ជាថ្មីរបស់ទីក្រុង

    BY autoadmin May 10, 2019
    ទីក្រុងបាងកកនឹងដំឡើងតម្លៃប្រមូលសំរាម ៤ដង ចាប់ពីថ្ងៃទី ០១ ខែតុលា នៅក្រោមបទបញ្ជាថ្មីរបស់ទីក្រុង

    រាល់គេហស្ថាននៅទីក្រុងបាងកកនឹងតម្រូវឱ្យបង់ប្រាក់ ៨០បាត (២.៥ដុល្លារ) ក្នុងមួយខែ សម្រាប់ការប្រមូលសំរាមចាប់ពីថ្ងៃទី ០១ ខែតុលា ក្រោមបទបញ្ជាថ្មីរបស់ទីក្រុង។ ថ្លៃសេវានេះគឺស្មើនឹង ៤ដង នៃថ្លៃឈ្នួលបច្ចុប្បន្នដែលមានតម្លៃ ២០បាត ព្រោះវានឹងគ្របដណ្តប់ទាំងការចំណាយលើការយកសំរាមទៅចោល ក្រៅពីថ្លៃនៃការប្រមូលតែមួយមុខ។ ថ្លៃប្រមូលសំរាមសម្រាប់អាជីវកម្មក៏នឹងកើនឡើងផងដែរ ដោយផ្អែកលើចំនួន និងប្រភេទសំរាម។ ក្រោមសេចក្តីព្រាងច្បាប់ដែលបានអនុម័តដោយក្រុមប្រឹក្សាក្រុងបាងកក គ្រួសារដែលផលិតសំរាមតិចជាង ២០លីត្រ នឹងត្រូវបង់ថ្លៃ ៤០បាត សម្រាប់ការប្រមូល និង ៤០បាត ផ្សេងទៀតសម្រាប់ការយកវាទៅចោលរៀងរាល់ខែ។

    បច្ចុប្បន្នអភិបាលក្រុងបាងកកកំពុងពិនិត្យមើលបទបញ្ជានេះ ដោយលោក Chayawuth Siriyuthwattana ជាប្រធានគណៈកម្មាធិការពិសេសពិនិត្យបទបញ្ជានេះបាននិយាយថា ការស្ទង់មតិមួយកាលពីថ្ងៃទី ២១ ខែមករា ដល់ថ្ងៃទី ០៥ ខែកុម្ភៈ លើប្រជាពលរដ្ឋក្រុងបាងកកចំនួន ៣,០៩៥នាក់ បានបង្ហាញថា ជាង ៧០ភាគរយ នៃពួកគេបានគាំទ្រការប្រមូលថ្លៃសម្រាប់ការប្រមូលសំរាម ទឹកសំអុយ និងកាកសំណល់ពុល។ នៅក្រោមប្រព័ន្ធថ្មីគ្រួសារដែលមានសំរាមតិចជាង ២០លីត្រ ក្នុងមួយថ្ងៃនឹងត្រូវបង់ ៨០បាត ក្នុងមួយខែ រីឯអ្នកដែលផលិតបានលើសពី ២០លីត្រ តែតិចជាង ៥០០លីត្រ ក្នុងមួយថ្ងៃនឹងត្រូវបង់ ១៣២បាត ប្រចាំខែសម្រាប់ការប្រមូលសំរាម (៦៥បាត សម្រាប់ការប្រមូល និង ៧០បាត សម្រាប់ការយកទៅចោល)។

    ការគណនាត្រូវបានផ្អែកលើមូលដ្ឋានក្នុងមួយឯកតា ដោយមានមួយឯកតាក្នុងករណីនេះ គឺ ២០លីត្រ។ ទន្ទឹមនឹងនេះដែរអត្រាប្រចាំខែសម្រាប់អាជីវកម្ម និងគ្រួសារធំៗ ដែលផលិតបានច្រើនជាង ៥០០លីត្រ ប៉ុន្តែតិចជាង ១ម៉ែត្រគូប នឹងត្រូវបានកើនឡើងចាប់ពី ២,០០០បាត ទៅ ៥,០០០បាត (២,៤៥០បាត សម្រាប់ប្រមូល និង ២,៦៥០បាត សម្រាប់ការយកទៅចោល) ។ លើសពី ១ម៉ែត្រគូប ក្នុងមួយថ្ងៃនឹងត្រូវបង់ថ្លៃឈ្នួលអប្បបរមា ៣,២៥០បាត និងថ្លៃយកទៅចោលអប្បបរមា ៣,៥០០បាត៕

    អត្ថបទ៖ លីដា
    ប្រភព៖ nationmultimedia

    Share This Post: