សម្តេចបវធិបតី នាយករដ្ឋមន្ត្រី សម្រេចបង្កើតក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត (ក.ច.ស.ធ.) ដើម្បីផ្តល់ជំនួយផ្នែកច្បាប់ជូនប្រជាពលរដ្ឋ ដែលពុំមានលទ្ធភាពពឹងពាក់សេវាវិជ្ជាជីវៈច្បាប់
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹក្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៥ ក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត (ក.ច.ស.ធ.) បានរៀបចំពិធីប្រកាសសមាសភាពជាផ្លូវការ។ ស្ថិតក្នុងឱកាសនេះ ឯកឧត្តម ម៉ុក ចន្ទសុធា ប្រធាន ក.ច.ស.ធ. បានមានមតិសំណេះសំណាល និងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់សមាជិកក្រុមការងារទាំងអស់ និងអង្គពិធីទាំងមូល។

ឯកឧត្តមប្រធាន ក.ច.ស.ធ. បានលើកឡើងបន្ថែមទៀតថា ការបង្កើត ក.ច.ស.ធ. គឺមានគោលបំណងផ្តល់ជំនួយផ្នែកច្បាប់ជូនប្រជាពលរដ្ឋដែលពុំមានលទ្ធភាពពឹងពាក់សេវាវិជ្ជាជីវៈច្បាប់ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី និងមិនទៅជំនួសយន្តការដែលមានស្រាប់នោះទេ។ ក.ច.ស.ធ. គឺជាយន្តការបំពេញបន្ថែមដើម្បីបង្កើនសហថាមពលក្នុងវិស័យច្បាប់ និងយុត្តិធម៌។
ជាមួយគ្នានេះឯកឧត្តមប្រធាន បានសង្កត់ធ្ងន់ថា ការអនុវត្តការងារត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ វិន័យ និងត្រូវមានការទទួលខុសត្រូវខ្ពស់ ចៀសវៀងការប្រព្រឹត្តអំពើខុសឆ្គង និងខុសច្បាប់ ព្រមទាំងសកម្មភាពទាំងឡាយដែលប៉ះពាល់ដល់ ក.ច.ស.ធ.៕





ប្រភព៖ ក្រសួងព័ត៌មាន