ក្រសួងមុខងារសាធារណៈ ដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការផ្ទេរទីកន្លែងបំពេញការងាររបស់មន្ត្រីរាជការស៊ីវិល ជាពិសេសគ្រូបង្រៀន
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងមុខងារសាធារណៈ ដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការផ្ទេរទីកន្លែងបំពេញការងាររបស់មន្ត្រីរាជការស៊ីវិល ជាពិសេសគ្រូបង្រៀន។

នៅក្នុងកិច្ចប្រជុំប្រចាំខែមីនា ឆ្នាំ ២០២៥ ឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្ត្រីស្តីទី ក្រសួងមុខងារសាធារណៈ បានជម្រាបជូនដំណឹង ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស ព្រមទាំងមន្ទីរមុខងារសាធារណៈទូទាំងប្រទេសទាំងអស់ អំពីដំណើរការនៃការពិភាក្សាពិគ្រោះយោបល់គ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា លើការផ្ទេរមន្ត្រីរាជការ ជាគ្រូបង្រៀន ដែលជាបទបញ្ជា និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី។ នេះបើយោងតាមប្រភពព័ត៌មានពីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ។
ប្រភពដដែល បានបន្តថា ការពិភាក្សានាពេលថ្មីៗនេះ គឺជាការគិតគូរបន្ថែមលើ សេចក្តីជូនដំណឹង កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ដែល ក្រសួងមុខងារសាធារណៈ បានជម្រាបជូនក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានីខេត្ត។
យោងតាមខ្លឹមសារក្នុងលិខិតបានរៀបរាប់ថា ផ្អែកលើការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងស្ថានភាពបំពេញការងាររបស់មន្ត្រីរាជការស៊ីវិលឱ្យមានស្ថិរភាព និងប្រសិទ្ធភាព ក្រសួងមុខងារសាធារណៈ ជម្រាបជូនពីការពិនិត្យសំណើសុំផ្ទេរ និងផ្លាស់ប្តូរកន្លែងធ្វើការងាររបស់មន្ត្រីរាជការស៊ីវិលរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដូចខាងក្រោម៖
១. ក្រសួងមុខងារសាធារណៈនឹងបន្តពិនិត្យ និងផ្តល់ទិដ្ឋាការចំពោះសំណើដែលមានការឯកភាពរួចហើយពី ថ្នាក់ដឹកនាំក្រសួង ស្ថាប័នក្នុងអាណត្តិមុន អនុលោមបែបបទ និងនីតិវិធីជាធរមាន។
ដោយឡែក សំណើ ដែលទទួលបានការឯកភាពពីថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ន នៅក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នឹងត្រូវអនុវត្តផ្អែកលើគោលការណ៍សម្រេចផ្អាកជាទូទៅ របស់រាជរដ្ឋាភិបាល រហូតដល់មាន ការណែនាំជាថ្មី ឬការសម្រេចដោយឡែករបស់រាជរដ្ឋាភិបាល។
និង២. ក្រសួងមុខងារសាធារណៈនឹងពិនិត្យ និងផ្តល់ទិដ្ឋាការចំពោះសំណើរផ្ទេរ និងផ្លាស់ប្តូរការងារក្នុងករណីដូចខាងក្រោម៖
– មន្ត្រីរាជការកំពុងបម្រើការងារក្នុងក្រសួង ស្ថាប័នមួយហើយបានប្រឡងជាប់ក្នុងក្របខណ្ឌក្រសួង ស្ថាប័ន មួយផ្សេងទៀត ដែលត្រូវផ្ទេរក្របខ័ណ្ឌទៅបម្រើការងារក្នុងក្របខណ្ឌក្រសួង ស្ថាប័នដែលសាមីមន្ត្រី បានប្រឡងជាប់។
– មន្ត្រីរាជការដែលត្រូវបានតែងតាំងក្នុងមុខតំណែងនយោបាយដូចជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីខុទ្ទកាល័យរបស់ថ្នាក់ដឹកនាំកម្រិតនយោបាយ និងក្នុងមុខតំណែងមុខងារសាធារណៈ ជាអភិបាល នៃគណៈអភិបាលខេត្ត អភិបាលរងខេត្ត ក្រុង ស្រុក ខណ្ឌ ឬមុខតំណែងប្រហាក់ប្រហែលផ្សេងទៀត ដែលត្រូវផ្ទេរក្របខណ្ឌ និងការបើកបៀវត្សនៅក្រសួង ស្ថាប័ន និងអង្គភាពថ្មី។
– ការផ្ទេរ និងផ្លាស់ប្តូរកន្លែងការងារ ក្នុងក្រសួង ស្ថាប័នតែមួយ ដែលជួយដល់ការពង្រាយមន្ត្រីទៅតំបន់ ដែលកំពុងប្រឈមនឹងបញ្ហាខ្វះមន្ត្រី (តំបន់ក្រៅទីប្រជុំជន) ក្នុងរូបភាពដូចខាងក្រោម៖
ក. ការផ្ទេរឆ្លងអង្គភាពពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ, ខ. ការផ្ទេរពីរាជធានី ទៅខណ្ឌ និងទៅខេត្ត, គ. ការផ្ទេររវាងខេត្ត និងខេត្ត (មិនអនុញ្ញាតការផ្ទេរចូលរាជធានីភ្នំពេញ) និង ឃ. ការផ្ទេរពីខេត្ត ទៅ ក្រុង ស្រុក។
សូមជម្រាបជូនថា ក្រុមការងារបច្ចេកទេសនៃក្រសួងទាំងពីរ បានគិតគូរ ធ្វើយ៉ាងណាថ្លឹងថ្លែង ពិចារណាទៅលើស្ថានភាពរបស់លោកគ្រូ អ្នកគ្រូដែលមានតម្រូវការក្នុងការផ្លាស់ប្តូរទីកន្លែងបំពេញការងារផង ប៉ុន្តែក៏ត្រូវគិតគូរ ថ្លឹងថ្លែងទៅលើស្ថានភាព និងអត្ថប្រយោជន៍របស់សិស្សានុសិស្សដែលកំពុងត្រូវការ ការសិក្សារៀនសូត្រ គ្រប់ទីកន្លែងទូទាំងប្រទេសផង ក៏ដូចជាការគិតគូរទៅលើបរិបទនៃការងារកែទម្រង់រដ្ឋបាលសាធារណៈផង៕



ប្រភព៖ ក្រសួងព័ត៌មាន