ក្រុមហ៊ុន Grab ឥណ្ឌូនេស៊ី កំពុងដាក់ឱ្យប្រើប្រាស់នូវសេវាកម្មជួល E-scooter ដែលជាសេវាកម្មថ្មីបំផុតរបស់ប្រទេស
សេវាកម្មជួល E-scooter បានកំពុងតែវាយលុកនៅតាមទីក្រុងនានាជុំវិញពិភពលោក ហើយឥឡូវនេះពួកវាបានមកដល់ប្រទេសឥណ្ឌូនេស៊ីហើយ ជាមួយនឹងការចាប់ផ្តើមសេវាកម្មចែកចាយ E-scooter ដំបូងគេរបស់ប្រទេស។ ក្រុមហ៊ុន Grab ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីនៅព្រឹកថ្ងៃព្រហស្បតិ៍ បានបើកដំណើរការសេវាមានឈ្មោះថា GrabWheels នៅក្នុងក្រុង Bumi Serpong Damai នៃទីក្រុង Tangerang ។ សេវាកម្មនេះគឺជាគម្រោងរួមគ្នាមួយជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sinarmas Land ដូច្នេះ GrabWheels នឹងមាននៅតែ Green Office Park ការិយាល័យ និងពាណិជ្ជកម្មនៅ Bumi Serpong Damai តែប៉ុណ្ណោះ។

លោក Ongki Kurniawan នាយកប្រតិបតិ្តរបស់ក្រុមហ៊ុន Grab ឥណ្ឌូនេស៊ីបាននិយាយថា៖ «យើងសង្ឃឹមថា GrabWheels អាចក្លាយជាដំណោះស្រាយផ្លាស់ទីប្រកបដោយភាពច្នៃប្រឌិត និងប្រកបដោយភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ជាពិសេសចំពោះអ្នកដែលរស់នៅក្នុងតំបន់ទីក្រុងវៃឆ្លាតដូចជាទីក្រុង BSD (Bumi Serpong Damai)»។ របៀបដែលវាដំណើរការគឺសាមញ្ញបំផុត អ្នកអាចទាញយកកម្មវិធី GrabWheels (ដែលអាចរកបាននៅលើប្រព័ន្ធ iOS និង Android) ដែលអ្នកអាចប្រើដើម្បីកំណត់ទីតាំងស្ថានីយ៍ចត E-scooter ។
នៅពេលដែលអ្នករកឃើញ E-scooter ដែលអាចប្រើបាន អ្នកអាចប្រើវាបានដោយប្រើកម្មវិធីដើម្បីស្កេនកូដ QR នៅលើយានយន្ត។ សេវាកម្មនេះនៅតែស្ថិតនៅក្នុងដំណាក់កាលសាកល្បងរហូតដល់ពាក់កណ្តាល ឆ្នាំ២០១៩ ខណៈដែលការជិះ E-scooter នេះគឺឥតគិតថ្លៃ ព្រោះតម្លៃធម្មតាសម្រាប់ GrabWheels មិនទាន់ត្រូវបានប្រកាសនៅឡើយទេ។ ប៉ុន្តែ Grab និយាយថា ពួកគេបើកចំហដើម្បីពង្រីកសេវានៅកន្លែងផ្សេងទៀតនៅតំបន់ហាហ្សាកាតានាពេលអនាគត៕

អត្ថបទ៖ លីដា
ប្រភព៖ coconuts