រញ្ជួយដីកម្រិត ៦.៣រិចទ័រ បានវាយប្រហារតំបន់ Miyazaki ក្នុងប្រទេសជប៉ុន ប៉ុន្តែជាសំណាងមិនមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមីនោះទេ
ភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា រញ្ជួយដីកម្រិត ៦.៣រិចទ័រ ដ៏ខ្លាំង បានវាយប្រហារឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសជប៉ុនក្នុងថ្ងៃសុក្រ ទី១០ ឧសភា។ យ៉ាងណាមក៏ដោយជាសំណាងដែលគ្មានការប្រកាសអាសន្នពីរលកយក្សស៊ូណាមី ហើយមិនមានសេចក្តីរាយការណ៍ភ្លាមៗអំពីការខូចខាតនៅឡើយ ដោយសារតែការរញ្ជួយដីដែលបានកើតឡើងនៅវេលាម៉ោង ៨ និង ៤៨នាទី (ម៉ោងក្នុងស្រុក)។ ភ្នាក់ងារឧតុនិយមបាននិយាយថា ការរញ្ជួយដីនេះបានកើតឡើងនៅជម្រៅ ២៤គីឡូម៉ែត្រ និងការរញ្ជួយយ៉ាងខ្លាំងត្រូវបានគេឃើញកើតមាននៅតំបន់ក្បែរចំណុចកណ្តាលឆ្នេរ Miyazaki នៅភាគនិរតីនៃកោះ Kyushu ។

ទីភ្នាក់ងារឧតុនិយមក៏បានចេញការព្រមានជាបន្ទាន់ នៅពេលដែលការរញ្ជួយដីនេះបានបណ្តាលឱ្យទូរទស្សន៍ NHK ប្ដូរកម្មវិធីរបស់ខ្លួន ទៅជាកម្មវិធីពិសេសស្តីពីស្ថានភាពនៅតំបន់ Kyushu ភាគខាងត្បូងរួមទាំងកោះ Miyazaki ផងដែរ។ ហើយបើយោងតាម USGS ការរញ្ជួយដីមួយនេះក៏ត្រូវបាន តាមបន្តដោយការរញ្ជួយមួយទៀតដែលមានកម្រិត ៥.១រិចទ័រ នៅម៉ោង ៩ និង ០៧នាទី ព្រឹកនេះផងដែរ។
ប្រទេសជប៉ុនស្ថិតនៅលើតំបន់ដែលហៅថា «Pacific Ring of Fire» ដែលជាកន្លែងដែលមានការរញ្ជួយដី និងបន្ទុះភ្នំភ្លើងជាច្រើនត្រូវបានគេកត់ត្រា។ ជាក់ស្តែងនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១១ ការរញ្ជួយដីមានកម្រិត ៩រិចទ័រ បានវាយប្រហារនៅក្រោមមហាសមុទ្រប៉ាស៊ីហ្វិក ហើយបង្ករលកស៊ូណាមីដែលបានបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ និងបានសម្លាប់មនុស្សជាង ១០,០០០នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia