ក្រសួងការងារ លើកលែងតម្លៃសេវាចេញ-ចូលច្រកព្រំដែន អន្តរជាតិកម្ពុជា-ថៃ សម្រាប់ពលករខ្មែរដែលត្រលប់មកស្រុកកំណើត ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកលែងតម្លៃសេវាចេញ-ចូលច្រកព្រំដែន អន្តរជាតិកម្ពុជា-ថៃ សម្រាប់ពលករខ្មែរដែលត្រលប់មកស្រុកកំណើត ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរ។

នៅក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បងប្អូន ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ឱ្យបានជ្រាបថា យោងស្មារតីព្រមព្រៀងរួមរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃឡង់ដ៍ ក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅព្រះរាជាណាចក្រថៃឡង់ដ៍, យោងជំនួបទ្វេភាគីឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ នៃព្រះរាជាណាចក្រថៃឡង់ដ៍ អំឡុងពេលចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានលើកទី២៨ (ALMM) នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ និង ជំនួបទ្វេភាគីរដ្ឋមន្ត្រីការបរទេសកម្ពុជា-ថៃ ក្នុងឱកាសចូលរួមវេទិកាអនាគតអាស៊ានលើកទី២ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ ថៃឡង់ដ៍ បានឯកភាពតាមសំណើរបស់ក្រសួងការងារថៃ លើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃ (Re-Entry Permit) ដល់ពលករខ្មែរ ឡាវ និងភូមា អំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥។
ការលើកលែងតម្លៃសេវានេះ គឺផ្តល់ជូនតែមួយដងគត់ដល់ពលករខ្មែរដែលមានលិខិតឆ្លងដែន/លិខិត ធ្វើដំណើរពលករកម្ពុជាទៅធ្វើការនៅបរទេស (TD) និងមានទិដ្ឋាការការងារ (Non-Immigration L-A Visa) ដែលមានសុពលភាពលើសពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥។ ការលើកលែងនេះ ក៏បូករួមទាំងកូនក្រោមអាយុ ១៨ឆ្នាំ ដែលទទួលបានការវាយត្រាប្រភេទអ្នកក្នុងបន្ទុក និងមានលិខិតអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសថៃ លើសថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥។
ដើម្បីឱ្យការធ្វើដំណើរចេញ-ចូលប្រទេសថៃដោយរលូន សូមបងប្អូនពលករខ្មែរអនុវត្តដូចខាងក្រោម៖
– ត្រូវធ្វើដំណើរឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ
– ត្រូវវាយត្រាចេញ-ចូលប្រទេសថៃលើលិខិតឆ្លងដែន/លិខិតធ្វើដំណើរ TD ដែលមានទិដ្ឋាការការងារ (Non-Immigration L-A Visa) ដោយមិនចាំបាច់បំពេញពាក្យស្នើសុំ និងប្លង់ជ្រៃសេវាការអនុញ្ញាត ចេញ-ចូលប្រទេសថៃ (Re-Entry Permit)
ត្រូវធ្វើដំណើរចូលប្រទេសថៃវិញយ៉ាងយូរត្រឹមថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥។ ករណីធ្វើដំណើរ ចូលប្រទេសថៃវិញ ក្រោយថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥ បងប្អូនត្រូវបំពេញពាក្យស្នើសុំ និងបង់ថ្លៃ សេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃ (Re-Entry Permit) មុនធ្វើដំណើរចេញពីប្រទេសថៃ ដោយគិតតម្លៃសេវាជាធម្មតា បើមិនដូច្នេះ ទិដ្ឋាការការងារ (Non-Immigration L-A Visa) របស់ បងប្អូនពលករខ្មែរនឹងអស់សុពលភាព។
បន្ថែមលើនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានសហការជាមួយអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ស្ថានឯកអគ្គរាជទូតកម្ពុជា/អនុព័ន្ធការងារ អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសៈកែវ និង អាជ្ញាធរពាក់ព័ន្ធ ដើម្បីសម្របសម្រួលដល់បងប្អូនពលករខ្មែរដែលវិលត្រឡប់មកស្រុកកំណើត អំឡុងពេលបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ តាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកស្ថានឯកអគ្គរាជទូត/អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូត កម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ តាមរយៈទូរសព្ទលេខ +៦៦ ៨៣ ៥៤៥ ៧៧៨៨, +៦៦ ៦២ ០៨៩ ៨៩១៨ និង +៦៦ ៩២ ២៩៩ ០១៣៣ ឬតាមរយៈប្រព័ន្ធ Hotline របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជាលេខ “១២៨៦” ឬ “១២៩៧” ឬលេខទូរសព្ទ ០៩៧ ៩២០ ២០២៣ ឬក្រុមតេឡេក្រាម “សម្រាប់ ពលករទេសន្តរប្រវេសន៍” តាមតំណភ្ជាប់ https://t.me/KhmerMigrant Worker ៕

