លោកប្រធានាធិបតីចិន ស៊ី ជិនពីង គ្រោងធ្វើដំណើរទស្សនកិច្ចមកកាន់ ប្រទេសម៉ាឡេស៊ី វៀតណាម និងកម្ពុជា នៅពាក់កណ្តាលខែមេសា
ចិន៖ លោកប្រធានាធិបតីចិន ស៊ី ជិនពីង គ្រោងនឹងធ្វើដំណើរទស្សនកិច្ចមកកាន់បណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ាននៅពាក់កណ្តាលខែមេសានេះ នេះបើយោងតាមការចុះផ្សាយរបស់កាសែត South China Morning Post កាលពីយប់ថ្ងៃទី៣១ ខែមីនា។ បណ្តាប្រទេសដែលលោក ស៊ី ជីនពីង គ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់នោះរួមមាន ប្រទេសម៉ាឡេស៊ី ប្រទេសវៀតណាម និងប្រទេសកម្ពុជាផងដែរ។

ប្រភពខាងលើបានបន្តថា ដំណើរទស្សកិច្ចរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង ខាងលើនេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណងរឹតចំណងមិត្តភាពនិងពាណិជ្ជកម្មជាមួយប្រទេសនៅក្នុងតំបន់អាស៊ាន ហើយវាក៏ជាដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយផងដែរ។ យ៉ាងណាក្តី សម្រាប់ក្រុមអ្នកឃ្លាំមើលស្ថានភាពនយោបាយនៅលើពិភពលោកបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំចិននេះអាចជាគោលនយោបាយការទូតថ្មីមួយសម្រាប់ប្រជែងនឹងសហរដ្ឋអាមេរិក ដែលទើបសម្រេចផ្តាច់ជំនួយធំៗជាច្រើន ហើយការសម្រេចផ្តាច់ជំនួយនោះក៏បានប៉ះពាល់ដល់បណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ានផងដែរ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ South China Morning Post