ពិសេសណាស់! រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំសង្ក្រាន្តវត្តភ្នំ រយៈពេល៣ថ្ងៃ ព្រមទាំងបើកដំណើរការផ្លូវថ្មើរជើង (Walk Street) រយៈពេល៥ថ្ងៃ ថែមទៀត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
(រាជធានីភ្នំពេញ)៖ នៅល្ងាចថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំសង្ក្រាន្តវត្តភ្នំ រយៈពេ ០៣ថ្ងៃ ព្រមទាំងបើកដំណើរការផ្លូវថ្មើរជើង (Walk Street) រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ក្នុងសេចក្ដីជូនដំណឹងបន្ថែមថា ដើម្បីចូលរួម អបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២៥ និង ញ៉ាំងឱ្យពិធីបុណ្យប្រព្រឹត្តទៅដោយអធិកអធម រក្សាបាននូវទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ ព្រមទាំងផ្តល់ភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់កិត្យានុភាពជាតិ ក៏ដូចជាទាក់ទាញ ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកចូលរួមកម្សាន្តសប្បាយនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ” រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ២០:០០នាទីយប់ អមដោយការរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្មវិធី កម្សាន្តសប្បាយជាច្រើន ដូចជា ពិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈរបាំប្រពៃណី លេងល្បែងប្រជាប្រិយជាតិ ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត ការតាំងបង្ហាញម្កុដអប្សរា-ពិណខ្នាតធំ និង ការតាំងបង្ហាញផលិតផលខ្មែរ។
ជាមួយគ្នានេះ ដើម្បីផ្តល់ភាពសប្បាយរីករាយបន្ថែមទៀត និងជាការថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមសាទរគាំទ្រដំណើរការផ្លូវថ្មើរជើង (Walk Street) រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកដំណើរការ ផ្លូវថ្មើរជើង (Walk Street) រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៥ តាមបណ្តោយតីរវិថី ព្រះស៊ីសុវត្ថិ ចាប់ពីមុខព្រះបរមរាជវាំង រហូតដល់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។
ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន សូមអញ្ជើញ មកចូលរួមទស្សនាកម្សាន្តសប្បាយនៅសង្ក្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើង (Walk Street) ឱ្យបានច្រើនកុះករ ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជំ។
ដើម្បីឱ្យការរៀបចំកម្មវិធីខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈល្អប្រសើរ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍នៅជុំវិញទីតាំងរៀបចំកម្មវិធី អាជ្ញាធរមានសមត្ថកិច្ច នឹងរៀបចំចំណតយានយន្តសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកចូលរួមកម្សាន្តនៅ សង្ក្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើង (Walk Street) ហើយសូមលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលពុំមានការចាំបាច់ អាចធ្វើការពង្វាងការធ្វើដំណើរឆ្លងកាត់បរិវេណទីតាំងខាងលើ៕




ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ