ឈ្លោះគ្នារឿងលុយធានារ៉ាប់រងបន្សល់ពីប្រពន្ធ ឪពុកទ្រាំមិនបានក៏ជះទឹកក្តៅដាក់កូនប្រុសខ្លួនឯងរលាកពេញខ្លួន
អ្នកលក់បង្គាម្នាក់ អាយុ ៦៦ឆ្នាំ មកពីរដ្ឋ Penang បានវាយប្រហារកូនប្រុសខ្លួនឯងដែលមានអាយុ ៣៥ឆ្នាំ ជាមួយនឹងទឹកក្តៅ បន្ទាប់ពីពួកគេបានឈ្លោះប្រកែកគ្នារឿងលុយធានារ៉ាប់រង។ យោងតាម Free Malaysia Today ហេតុការណ៍នេះបានកើតឡើងនៅផ្ទះល្វែងរបស់បុរសជាឪពុក នៅវេលាម៉ោង ៦ និង ៣០នាទីល្ងាច កាលពីថ្ងៃពុធ ទី ០៨ ខែឧសភា ខណៈកូនប្រុសរបស់គាត់ទាមទារលុយចំណែកធានារ៉ាប់រងចំនួន ៣០,០០០រីងហ្គីត (ប្រហែល ៧,២២០ដុល្លារអាមេរិក)។ វាជាលុយបន្សល់ពីភរិយារបស់គាត់ដែលបានស្លាប់ ប៉ុន្តែគាត់បានចែកឱ្យកូនប្រុសតែ ១០រីងហ្គីត ប៉ុណ្ណោះ។

ភ្លាមៗនោះជម្លោះពាក្យសម្តីបានចាប់ផ្តើមកាន់តែខ្លាំងឡើង ដែលធ្វើឱ្យឪពុកជះទឹកក្តៅដាក់កូនប្រុស ធ្វើឱ្យរលាកពេញទ្រូង និង ក ។ បន្ទាប់ពីបានទទួលការព្យាបាលពីការរលាកនៅឯមន្ទីរពេទ្យ Pulau Pinang កូនប្រុសរបស់គាត់ក៏បានដាក់ពាក្យប្តឹងប៉ូលីស។ នៅក្នុងរបាយការណ៍នោះបុរសជាកូនបានប្រាប់ឱ្យដឹងថា ម្ដាយរបស់គាត់បានទទួលមរណភាពតាំងពី ឆ្នាំ២០០៥ ហើយមុនពេលគាត់ស្លាប់ គាត់បានទិញការធានារ៉ាប់រង និងគម្រោងសន្សំសម្រាប់គ្រួសារទាំងមូល។ ហើយបើយោងតាមសម្ដីបុរសជាកូន នេះគឺជាលើកទី ២ ហើយដែលឪពុកបានជះទឹកក្តៅដាក់គាត់។
គាត់បានអះអាងថា ឪពុករបស់គាត់បានចែកចាយប្រាក់ទាំងនេះស្មើៗគ្នាទៅឱ្យបងប្អូនរបស់គាត់ លើកលែងតែគាត់ម្នាក់។ ក្រោយមកឪពុករបស់គាត់បានសារភាពថា គាត់ពិតជាបានជះទឹកក្តៅដាក់កូនប្រុស និងត្រូវបានចាប់ខ្លួនភ្លាម។ ប៉ុន្តែយ៉ាងណាមិញបុរសជាឪពុកម្នាក់នេះ ត្រូវបានគេដោះលែងឱ្យនៅក្រៅឃុំកាលពីម្សិលមិញ (ថ្ងៃទី ០៩ ឧសភា) ហើយកំពុងត្រូវបានគេស៊ើបអង្កេតក្រោមមាត្រា ៣២៣ នៃក្រមព្រហ្មទណ្ឌសម្រាប់ការធ្វើឱ្យឈឺចាប់ដោយចេតនា៕


អត្ថបទ៖ លីដា
ប្រភព៖ worldofbuzz