សមាគមឧកញ៉ាកម្ពុជា អំពាវនាវដល់គោរមវន្តទាំងអស់ ឱ្យប្រកាន់ខ្ជាប់ សីលធម៌ សុជីវធម៌ និងសេចក្តីថ្លៃថ្នូរនៅក្នុងសង្គម ក្នុងការប្រើប្រាស់បណ្តាញសង្គម ឬមធ្យោបាយផ្សព្វផ្សាយនានា
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥ នេះ សមាគមឧកញ៉ាកម្ពុជា អំពាវនាវដល់គោរមវន្តទាំងអស់ ឱ្យប្រកាន់ខ្ជាប់ សីលធម៌ សុជីវធម៌ និងសេចក្តីថ្លៃថ្នូរនៅក្នុងសង្គម ក្នុងការប្រើប្រាស់បណ្តាញសង្គម ឬមធ្យោបាយផ្សព្វផ្សាយនានា។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ សមាគមឧកញ៉ាកម្ពុជា បានឱ្យដឹងថា សមាគមឧកញ៉ាកម្ពុជា គឺជា ស្ថាប័នតែមួយគត់ ដែលតំណាងឱ្យគោរមវន្តទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានចែងអំពីតួនាទី ភារកិច្ច ព្រមទាំងសិទ្ធិនិងកាតព្វកិច្ចរបស់សមាគមដើម្បីរក្សានិងលើកកម្ពស់គុណតម្លៃ និងឧត្តមភាពដ៏ឧត្តុង្គឧត្តម នៃគោរមងារ ឧកញ៉ា ដែលជាព្រះរាជទានដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាំងពីបុរាណ កាលរៀងមក ជាពិសេសការពង្រឹងសាមគ្គីភាព និងការគោរពច្បាប់ជាធរមានរបស់គោរមវន្ត ដើម្បីរួមចំណែកថែរក្សា និង ការពារវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិ ក៏ដូចជាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ជាដើម។
ជាថ្មីម្តងទៀត សមាគមឧកញ៉ាកម្ពុជា សូមអំពាវនាវដល់គោរមវន្តទាំងអស់ សូមប្រកាន់ខ្ជាប់នូវកិត្តិយស សីលធម៌ សុជីវធម៌ និងសេចក្តីថ្លៃថ្នូរនៅក្នុងសង្គម ក្នុងការប្រកបមុខរបរនិងវិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងសូមមេត្តាយកចិត្ត ទុកដាក់ឱ្យបានខ្ពស់ជាទីបំផុត ចំពោះការប្រើប្រាស់បណ្តាញសង្គម ឬមធ្យោបាយផ្សព្វផ្សាយនានា ជៀសវាងចែកចាយ ឬ ផ្សព្វផ្សាយនូវសកម្មភាព និង/ឬការប្រើពាក្យសម្តីទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់ងារជាកិត្តិយស ដែល អង្គព្រះ មហាក្សត្រ បានព្រះរាជទាន។ ជាមួយគ្នានេះដែរ សមាគមឧកញ៉ាកម្ពុជា នឹងចាត់វិធានការតាមនីតិវិធីច្បាប់ជាក់ ស្តែង ចំពោះគោរមវន្តណា ដែលបានរកឃើញថាបានប្រព្រឹត្តសកម្មភាព និង/ឬប្រើពាក្យសម្តីទាំងឡាយណា ដែលធ្វើឱ្យ ប៉ះពាល់ដល់គុណតម្លៃ និងឧត្តមភាពដ៏ឧត្តុង្គឧត្តម នៃគោរមងារឧកញ៉ា ស្របតាមព្រះរាជក្រឹត្យ និងអនុក្រឹត្យខាងលើ៕

ប្រភព៖ សមាគមឧកញ៉ាកម្ពុជា