ប្រទេសជប៉ុនមានសេវាកម្មជួលសង្សារក្នុង ១ម៉ោង ៥៥ដុល្លារ ដើម្បីផ្តល់នូវភាពងាយស្រួលដល់អ្នកគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការស្វែងរកដៃគូ
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជនជាតិជប៉ុនបានជាវសេវាកម្មដូចជា៖ ជួលមនុស្សមកធ្វើជាសមាជិកគ្រួសារ មិត្តភក្តិ ដៃគូ ឬបុរសសង្ហាឱ្យមកជូតទឹកភ្នែក -ល- ។ ហើយវិស័យទាំងនេះហាក់បានជួយពួកគេកុំឱ្យលក់មុខ បំបាត់ភាពឯកា និងអាចឱ្យពួកគេបង្អួតពីអ្វីដែលពួកគេកំពុងមានទៅកាន់ពិភពលោកទៀតផង។ ជាក់ស្តែងសព្វថ្ងៃនេះ សេវាកម្មជួលបែបនេះគឺមានភាពល្បីល្បាញណាស់នៅជប៉ុន ដែលប្រទេសមួយនេះគឺល្បីរឿងប្រជាជនវក់នឹងការងារ និងមានភាពពិបាកក្នុងការស្វែងរកដៃគូ។

ចុះអ្នកទាំងអស់គ្នាវិញចង់ដឹងអត់ថា តើអ្នកនឹងមានអារម្មណ៍បែបណាប្រសិនបើជួលដៃគូម្នាក់មក DATE ជាមួយគ្នា? យ៉ាងណាមិញគណនី YouTube ឈ្មោះ Asian Boss ថ្មីៗនេះ បានបង្ហោះនូវវីដេអូដែលនិយាយពីសេវាកម្មជួលមនុស្សមកធ្វើជាសង្សារនៅទីក្រុង Tokyo ហើយគាត់ថែមទាំងបានសំណេះសំណាលតុកាហេ្វជាមួយនាង Shihomi ទាក់ទងនឹងសេវាកម្មនេះផងដែរ។
នាងបានបង្ហើបពីថ្លៃឈ្នួលជួលមិត្តស្រីនៅក្នុងក្រុមហ៊ុនរបស់នាងថា មានតម្លៃ ៦,០០០យ៉េន (៥៥ដុល្លារអាមេរិក) ក្នុងមួយម៉ោង សម្រាប់ការជួលអប្បបរមា ២ ម៉ោង។ នេះមានន័យថា វានឹងមានតម្លៃយ៉ាងហោចណាស់ ១២,០០០យ៉េន (១១០ដុល្លារ) ក្នុងការជួលមិត្តស្រី ខណៈអ្នកដែលទើបតែចូលមកជាវដំបូង (first-timers) អាចនឹងមិនត្រូវបានគិតថ្លៃបន្ថែមលើការរើសមិត្តស្រីនោះឡើយ ប៉ុន្តែចំពោះអតិថិជនចាស់នឹងត្រូវគិតប្រាក់បន្ថែម ២,០០០យ៉េន។
នាង Shihomi ដែលបានធ្វើការងារនេះអស់រយៈពេល ៦ខែ បាននិយាយថា មិត្តស្រីសម្រាប់ជួលទាំងនេះក៏នឹងចេញថ្លៃចំណាយផ្សេងៗដែលស្មើនឹងពាក់កណ្តាលនៃថ្លៃជួលពេញផងដែរ ហើយប្រជាជនគ្រប់វ័យ ចាប់ពីអាយុ ២០ឆ្នាំ ឡើងទៅចូលចិត្តប្រើសេវានេះ។ បុរសភាគច្រើនដែលបានស្វែងរកសេវាកម្មជួលសង្សារ គឺជាអ្នកដែលមិនធ្លាប់មានមិត្តស្រី ឬសូម្បីតែចេញក្រៅជាមួយមនុស្សស្រីពីមុន ឬអ្នកដែលរវល់ពេកក្នុងការស្វែងរកដៃគូពិតប្រាកដម្នាក់។ ហើយបុរសដែលជួលនាង Shihomi មកធ្វើជាសង្សារភាគច្រើនជាអ្នកចូលនិវត្តន៍ និងសុភាពរាបសា៕


អត្ថបទ៖ លីដា
ប្រភព៖ japantoday