អ្នកត្រៀមឆ្លងស្ពានអ្នកលឿង ត្រូវដឹងពីការត្រៀមជើងព្រួលរំដោះការកកស្ទះរបស់អាជ្ញាធរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា អ្នកធ្វើដំណើរឆ្ពោះទៅខេត្តព្រៃវែង និងខេត្តស្វាយរៀង តែងរអ៊ូរទាំចំណាយពេលរង់ចាំ ដោយសារបញ្ហាកកស្ទះចរាចរណ៍ប្រវែងប្រមាណ ៥គីឡូម៉ែត្រ ចំណុចស្ពានអ្នកលឿងទាំងត្រើយខាងលិច និងខាងកើតទន្លេមេគង្គ អំឡុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។ ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរស្រុកលើកដែក ខេត្តកណ្តាលដែលស្ថិតនៅប៉ែកខាងលិចស្ពាន និងអាជ្ញាធរស្រុកពាមរក៍ស្ថិតនៅប៉ែកខាងកើតស្ពាន បានត្រៀមប្រើប្រាស់ទាំងមធ្យោបាយ វិធានការ និងកម្លាំងសរុប ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ជូនប្រជាពលរដ្ឋធ្វើដំណើរមកពីគ្រប់មជ្ឈដ្ឋានឆ្លងកាត់ស្ពានអ្នកលឿង ឬស្ពានត្សឹបាសារួចជាស្រេច ឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នាពេលខាងមុខ។

លោក ចាប ច័ន្ទវិទ្យា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុកលើកដែក បានឱ្យដឹងថា រដ្ឋបាលស្រុកលើកដែក បានត្រៀមលក្ខណៈរួចរាល់ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីសុវត្ថិភាពនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងជាពិសេសបញ្ចៀសការកកស្ទះចរាចរណ៍ នៅស្ពានអ្នកលឿង។ ថ្លែងប្រាប់មន្រ្តីព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥នេះ ប្រធានគណៈបញ្ជាការឯកភាពស្រុកលើកដែក បានបញ្ជាក់ថា នៅត្រង់ចំណុចគល់ស្ពានអ្នកលឿងត្រើយខាងលិច គឺជាចំណុចមួយដែលប្រឈមនឹងបញ្ហាចរាចរណ៍ខ្លាំង ហើយជាវិធានការចំពោះមុខ លោកបានរៀបចំទីបញ្ជាការស្រាលមួយ ដើម្បីសម្របសម្រួលការធ្វើដំណើរទាំងទៅទាំងមក ក្នុងករណីមានការកកស្ទះ។ ទន្ទឹមនេះលោកក៏បានណែនាំដល់អាជីវករទាំងអស់ ដែលលក់ដូរនៅបរិវេណនោះ ត្រូវខិតចូលក្នុងជាដាច់ខាត និងមិនឱ្យមានការតាំងលក់នៅកៀកចិញ្ចើមផ្លូវ ចាប់តាំងពីព្រំប្រទល់ស្រុកកៀនស្វាយរហូតមកដល់គល់ស្ពាន ហើយក៏មិនអនុញ្ញាតឱ្យមានការលក់ដូរនៅលើស្ពាន និងការបង្កើតកន្លែងប៉ះអ៊ុតកង់ម៉ូតូឡើយ។
ឆ្លងកាត់បទពិសោធន៍ជាច្រើនឆ្នាំ លោកអភិបាលបានបញ្ជាក់ថា កត្តាដែលបង្កឱ្យមានការកកស្ទះ នាពេលកន្លងមក ក្នុងឱកាសមុននឹងក្រោយពិធីបុណ្យទានផ្សេងៗ គឺដោយសារពលរដ្ឋមួយចំនួនតូច បើកបរមិនគោរពការប្រើប្រាស់គន្លងផ្លូវបានត្រឹមត្រូវ មួយវិញទៀត ការតាំងលក់សម្ភារៈនំចំណីអាហារនៅតាមចិញ្ចើមផ្លូវ ជាហេតុដែលធ្វើឱ្យមានការឈប់រថយន្តបន្តគ្នាពីមួយទៅមួយ ជាពិសេសនៅត្រង់ចំណុចគល់ស្ពានតែម្តង ដែលជាទីតាំងមានលំហូររថយន្តជាច្រើនឆ្លងកាត់។ ហេតុដូច្នេះទើបឆ្នាំនេះ លោកមិនអនុញ្ញាតឱ្យមានការតាំងលក់ នៅតាមចិញ្ចើមផ្លូវ ជាពិសេសនៅត្រង់ចំណុចកដបមួយនេះ។ ក្នុងនោះផងដែរ លោកអភិបាល ក៏ត្រៀមផ្លូវវាងចំនួនបីខ្សែរបន្ថែមទៀត ដើម្បីបញ្ចៀសបញ្ហាកកស្ទះ។
បើតាមលោកអភិបាល ចំពោះប្រតិបត្តិការការពារសុវត្ថិភាព និងការធ្វើដំណើរជូនប្រជាពលរដ្ឋទាំងមុន និងក្រោយពិធីបុណ្យចូលឆ្នាំថ្មី គឺលោកបានរៀបចំកម្លាំងត្រៀមសរុបចំនួន ១០០នាក់ ក្នុងនោះ រួមមាន មន្ត្រីនគរបាលស្រុក ៧៥នាក់ កម្លាំងអាវុធហត្ថ ១៥នាក់ កម្លាំងសឹករង ១០នាក់ ព្រមទាំងមធ្យោបាយមួយចំនួនទៀត រួមមានរថយន្តសាររ៉ែន ១គ្រឿង រថយន្តពន្លត់អគ្គិភ័យ ២គ្រឿង ម៉ូតូ ៥០គ្រឿង វិទ្យុទាក់ទង និងមធ្យោបាយផ្សេងៗមួយចំនួន ដើម្បីសហការជាមួយប្រជាការពារ និងគណៈបញ្ជាការឯកភាពស្រុកទាំងមូលងាយស្រួលអន្តរាគមន៍ បានទាន់ពេលវេលា ប្រសិនបើមានបញ្ហាណាកើតឡើង។
ដូចគ្នានឹងអាជ្ញាធរស្រុកលើកដែកដែរ លោកវរៈសេនីយ៍ឯក សេង ពន្លក អធិការនៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ បានអនុវត្តតាមប្រធានគណៈការឯកភាពស្រុក និងក្រោមការចង្អុលបង្ហាញពីលោកស្នងការនគរបាលខេត្ត ដោយពេលនេះ លោកបានដឹកនាំកម្លាំងអធិការរដ្ឋាននគរបាលស្រុកពាមរក៍ រួមទាំងកម្លាំងប្រជាការពារ កំពុងហ្វឹកហាត់យ៉ាងស្វិតស្វាញ ដើម្បីត្រៀមលក្ខណៈ បង្ការទប់ស្កាត់នូវបាតុភាពផ្សេងៗដែលកើតឡើង ជាពិសេសគឺការថែរក្សាសណ្តាប់ធ្នាប់សាធារណៈ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋទាំងអស់ ដែលឆ្លងកាត់ស្ពានអ្នកលឿងដោយមិនឱ្យមានការកកស្ទះជាដាច់ខាត។
លោកអធិការបានបញ្ជាក់ថា ឆ្លងកាត់បទពិសោធន៍ នាឆ្នាំកន្លងទៅ ការធ្វើចរាចរណ៍របស់ពលរដ្ឋមួយចំនួនតូចមិនសូវគោរពច្បាប់ប៉ុន្មាននោះទេ ទើបបណ្តាលឱ្យមានការកកស្ទះខ្លះៗ។ ប៉ុន្តែសម្រាប់ឆ្នាំ ២០២៥ នេះ លោកបានឱ្យដឹងថា កម្លាំងអន្តរាគមខេត្ត និងកម្លាំងនគរបាលស្រុក បូករួមទាំងកម្លាំងប្រជាការពារ និងត្រូវបានដាក់ពង្រាយនៅតាមគោលដៅមួយចនួនដែលប្រឈម ចាប់តាំងពីលើស្ពាន រហូតដល់ផ្លូវបំបែក ធ្វើយ៉ាងណាសម្រួលឱ្យប្រជាពលរដ្ឋបើកបរបានដោយរលូន និងដោយគ្មានឧបសគ្គ។ លោកអធិការ ក៏បានត្រៀមរថយន្តសារ៉ែន និងរថយន្តស្ទូចដើម្បីជួយសម្រួលបើសិនជាមានរថយន្តប្រជាពលរដ្ឋណាខូច ឬជួបបញ្ហាផ្សេងៗ ដែលបណ្តាលឱមានការកកស្ទះ និងយករថយន្តទៅស្ទូចជម្លៀសចេញ មិនឱ្យមានការរំខានដល់ការធ្វើចរាចរណ៍ឡើយ៕


ប្រភព៖ ក្រសួងព័ត៌មាន