ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ សព្វព្រះរាជហរទ័យ ធ្វើព្រះរាជទស្សនកិច្ចនៅមន្ទីរពេទ្យគន្ធបុប្ផា
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ ព្រះសព្វព្រះរាជហរទ័យ ធ្វើព្រះរាជទស្សនកិច្ចនៅមន្ទីរពេទ្យគន្ធបុប្ផា កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥។

លោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយកមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា បាននាំបង្ហាញ និងជម្រាបជូនគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសលុចសំបួ នូវផ្នែកនីមួយៗនៃមន្ទីរពេទ្យរួមមាន បន្ទប់សង្រ្គោះបន្ទាន់កុមារ និងទារក បន្ទប់សង្រ្គោះក្រោយវះកាត់បេះដូង, មន្ទីរពិសោធន៍ និងផ្នែកថតឆ្លុះរូបភាពវេជ្ជសាស្ត្រ។ ព្រះអង្គម្ចាស់ និងគណៈប្រតិភូបានស្វែងយល់ពីការរីកចម្រើនក្នុងវិស័យសុខាភិបាល ជាពិសេសវឌ្ឍនភាពការងាររបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបានព្យាបាលកុមារកម្ពុជាដោយឥតគិតថ្លៃប្រកបដោយគុណភាព។
សូមបញ្ជាក់ផងថា ព្រះរាជទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមដោយលោកជំទាវសាស្ត្រាចារ្យ អ៊ុំ សាម៉ុល អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមបណ្ឌិត ចន ណារិទ្ធិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា តំណាងមន្ទីរពេទ្យគន្ធបុប្ផា និងមន្ត្រីនាយកដ្ឋានសហប្រតិបត្តិអន្តរជាតិ នៃក្រសួងសុខាភិបាល៕





ប្រភព៖ ក្រសួងព័ត៌មាន