ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូនភ្លោះស្រីមួយគូកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារពួកគេមានកាយវិការដូចជាកំពុងប្រដាល់គ្នានៅក្នុងពោះម្តាយ

    BY autoadmin May 10, 2019
    កូនភ្លោះស្រីមួយគូកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារពួកគេមានកាយវិការដូចជាកំពុងប្រដាល់គ្នានៅក្នុងពោះម្តាយ

    កូនភ្លោះស្រីមួយគូឈ្មោះ Tao Yimo និង Tao Yi’an កំពុងក្លាយជាប្រធានបទក្តៅគគុក ដោយសារតែវីដេអូមួយរបស់ពួកគេបានបង្ហាញថា កូនភ្លោះស្រីទាំងពីរដេលមិនទាន់កើតនេះ ចេះឈ្លោះវាយតប់គ្នាតាំងតែពីនៅក្នុងពោះម្តាយមកម្ល៉េះ។ យ៉ាងណាមិញវីដេអូរបស់ពួកគេក៏ទទួលបានការចាប់អារម្មណ៍គួរសមនៅតាមបណ្តាញសង្គមចិន ដោយសារតែភាពគួរឱ្យស្រឡាញ់របស់ពួកគេ ដែលថតចេញពីការស្កេនអ៊ុលត្រាសោន។

    បើតាមការរាយការណ៍របស់ MailOnline បានឱ្យដឹងថា ម្តាយរបស់កូនភ្លោះទាំង ២ មានឈ្មោះថា Wang Lu គាត់មានអាយុ ២៦ឆ្នាំ និងមានផ្ទៃពោះ ១៨សប្ដាហ៍ នៅពេលដែលគាត់ទៅថតអ៊ុលត្រាសោននេះ។ ចំណែកស្វាមីរបស់គាត់ឈ្មោះ Tao Yu អាយុ ២៧ឆ្នាំ គាត់បានចាប់ផ្តើមថតវីដេអូពីការស្កេនអ៊ុលត្រាសោននេះ បន្ទាប់ពីគាត់បានឃើញថា កូនៗរបស់គាត់នៅក្នុងពោះម្តាយសោះ ប៉ុន្តែធ្វើកាយវិការដូចជាប្រដាល់វាយគ្នាអីចឹង។

    ជាការពិតណាស់រឿងបែបនេះគឺពិតជាកម្រ ហើយក្នុងនាមជាម្តាយឪពុកច្បាស់ណាស់ថា ពិតជាសប្បាយចិត្តនៅពេលឃើញទារកមានសុខភាពល្អបែបនេះ។ កូនភ្លោះមួយគូនេះក៏ត្រូបានម្តាយឪពុកដាក់ឈ្មោះហៅក្រៅថា «Strawberry» និង «Cherry» ផងដែរ ដោយសារឈ្មោះទាំង ២ នេះគឺជាផ្លែឈើដែលម្តាយរបស់ពួកគេចូលចិត្តញ៉ាំ។ ហើយសម្រាបនៅតាមអ៊ីនធឺណេតវិញ ពួកគេក៏មានភាពល្បីល្បាញដោយសារនាមជា «boxing with each other for a few rounds» (ប្រដាល់គ្នា ២ ៣ ទឹក) នេះឯង៕

    អត្ថបទ៖ លីដា
    ប្រភព៖ nextshark

    Share This Post: