រដ្ឋបាលខេត្តសៀមរាប ត្រៀមរថយន្តក្រុងចំនួន ១១២គ្រឿង សម្រាប់បម្រើដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ
(ខេត្តសៀមរាប)៖ នៅរសៀលថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលខេត្តសៀមរាប ត្រៀមរថយន្តក្រុងចំនួន ១១២គ្រឿង សម្រាប់បម្រើដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

តាមសេចក្ដីជុនដំណឹងរបស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងឱកាសពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិត និង បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូន ក្រុមគ្រួសារពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់ទៅរាជធានីភ្នំពេញ រយៈ រយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ ដោយឥតបង់ថ្លៃសម្រាប់ការធ្វើដំណើរតាមរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ។ ជាមួយគ្នានេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានរៀបចំរថយន្ត ចំនួន ១១២គ្រឿង សម្រាប់បម្រើដល់ការដឹកជញ្ជូនពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប និងការដឹកជញ្ជូន ពីខេត្តសៀមរាបត្រឡប់ទៅរាជធានីភ្នំពេញវិញ តាមពេលវេលា និងទីតាំងចំណតដូចខាងក្រោម៖
១. ចេញដំណើរពីរាជធានីភ្នំពេញមកខេត្តសៀមរាប ទីតាំងចំណតដីឡូតិ៍តំបន់ OCIC ជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា) រៀងរាល់ម៉ោង ០៦៖៣០នាទីព្រឹក (ចេញជាបន្តបន្ទាប់រហូតអស់រថយន្ត) ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ ២០២៥ មកទីតាំងចំណតមណ្ឌលរដ្ឋបាលមន្ទីរខេត្ត សៀមរាប វិថីសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ)។
២. ចេញដំណើរពីខេត្តសៀមរាប ទៅរាជធានីភ្នំពេញ តាមពេលវេលា និងទីកន្លែងដូចខាងក្រោម ៖ – នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ចេញដំណើរនៅវេលាម៉ោង ១៤៖៣០ នាទីរសៀល
– ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ ចេញដំណើររៀងរាល់ម៉ោង៦៖៣០ នាទីព្រឹក – (ចេញដំណើរជាបន្តបន្ទាប់រហូតអស់រថយន្ត)
– ចេញដំណើរពីទីតាំងមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប វិថីសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ ម៉ែត្រ) ទៅទីតាំងចំណតដីឡូតិ៍តំបន់ OCIC ជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា)៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប