សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា អំពាវនាវឱ្យកម្មករនិយោជិត រក្សាភាពស្ងប់ ខណៈពេលនេះ សមាគមកំពុងវិភាគទៅលើផលប៉ះពាល់
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៥ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានអំពីការដំឡើងពន្ធនាំចូលរបស់សហរដ្ឋអាម៉េរិក។ ក្នុងនោះដែរ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា អំពាវនាវឱ្យកម្មករនិយោជិត រក្សាភាពស្ងប់ខណៈពេលនេះ សមាគមកំពុងវិភាគទៅលើផលប៉ះពាល់។

ចំពោះវិធានការនេះបង្កឱ្យមានការបារម្ភក្នុងចំណោមសមាជិក និងកម្មករនិយោជិត ក៏ដូចជាសាធារណជនទូទៅអំពីផលប៉ះពាល់លើការនាំចេញរបស់វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា។ ក្នុងសេចក្តីថ្លែងរបស់សមាគមមានដូចខាងក្រោម៖
១. សមាគមសូមឱ្យសមាជិក កម្មករនិយោជិត និងសាធារណជនទាំងអស់រក្សាភាពស្ងប់ស្ងាត់នឹងន។ ការប្រកាសរបស់ លោកប្រធានាធិបតីអាម៉េរិកត្រូវបានធ្វើឡើងមិនទាន់បាន២៤ម៉ោងនៅឡើយទេ ហើយយើងកំពុងវិភាគទៅលើផល ប៉ះពាល់ដែលអាចនឹងកើតឡើងចេញពីការប្រកាសភ្លាមៗនេះ។ សមាគមនឹងធ្វើការជាមួយរាជរដ្ឋាភិបាល និងគ្រប់ ភាគីពាក់ព័ន្ធក្នុងការស្វែងរកដំណោះស្រាយនានាដើម្បីដោះស្រាយបញ្ហានេះឆាប់ៗតាមដែលអាចធ្វើទៅបាន។
២. ក្នុងកម្រិតដែលបានប្រកាសដំឡើង អត្រាពន្ធសរុបសម្រាប់កម្ពុជារួមទាំងប្រទេសដែលជាដៃគូប្រកួតប្រជែងក្នុង វិស័យដូចគ្នាគឺមិនមានភាពខុសគ្នាខ្លាំងដែលនាំឱ្យកម្ពុជាបាត់បង់ឱកាសទាំងស្រុងក្នុងការប្រកួតប្រជែងនោះទេ ជាក់ស្តែង ប្រទេសចិនទទួលរងនូវការដំឡើងបន្ថែមក្នុងអត្រាសរុប ៧៩% (ដំឡើងចំនួន៤លើក) កម្ពុជា ៤៩% វៀតណាម ៤៦% មីយ៉ាន់ម៉ា ៤៥% ។
៣. សមាគមសង្ឃឹមយ៉ាងមុតមាំថា ស្ថានភាពនឹងមានការប្រែប្រួលបន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសទាំងពីរជួបពិភាក្សានិង ចរចាគ្នា។
៤. សមាគម និងរាជរដ្ឋាភិបាល ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធបាននិងកំពុងបន្តសហការគ្នាលើការកែលម្អបរិយាក វិនិយោគនិងធុរកិច្ច សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាឱ្យបានកាន់តែខ្ពស់បន្ថែមទៀត។
៥. សមាគមនឹងបន្តធ្វើការជាមួយរាជរដ្ឋាភិបាលដើម្បីបន្តកាត់បន្ថយការចំណាយក្នុងការធ្វើអាជីវកម្ម ដូចជាថ្លៃភស្តុភារ និងថ្លៃអគ្គិសនីជាដើម៕


ប្រភព៖ TAFTAC