រដ្ឋបាលខេត្តបន្ទាយមានជ័យ ត្រៀមរថយន្តក្រុង ៦៥គ្រឿង រយៈពេល ៦ថ្ងៃ ជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ដោយឥតគិតថ្លៃ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
(ខេត្តបន្ទាយមានជ័យ)៖ តាមរយៈ ទូរទស្សន៍ជាតិ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលខេត្តបន្ទាយមានជ័យ ត្រៀមរថយន្តក្រុង ៦៥គ្រឿង រយៈពេល ៦ថ្ងៃ ជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ដោយឥតគិតថ្លៃ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ។

ក្នុងនោះដែរ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានឱ្យដឹងបន្ថែមថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូន ក្រុមគ្រួសារពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់ទៅរាជធានីភ្នំពេញ រយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់១៧ ខែមេសា ឆ្នាំ២០២៥ ដោយឥតបង់ថ្លៃសម្រាប់ការធ្វើដំណើរ តាមរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ។ ជាមួយគ្នានេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង(City Bus) រាជធានីភ្នំពេញ បានរៀបចំរថយន្តចំនួន ៦៥គ្រឿង សម្រាប់បម្រើដល់ការដឹកជញ្ជូនពី រាជធានីភ្នំពេញ មកកាន់ខេត្តបន្ទាយមានជ័យ និងការដឹកជញ្ជូនពីខេត្តបន្ទាយមានជ័យត្រឡប់ទៅ រាជធានីភ្នំពេញ តាមពេលវេលា និងទីតាំងចំណតដូចខាងក្រោម៖
១-ចេញដំណើរពីរាជធានីភ្នំពេញមកខេត្តបន្ទាយមានជ័យ ទីតាំងចំណតស្ថានីយរថយន្តក្រុង សួនច្បារឫស្សីកែវ រៀងរាល់ម៉ោង ០៦:៣០នាទីព្រឹក (ចេញជាបន្តបន្ទាប់រហូតអស់រថយន្ត) ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ មកទីតាំងចំណតរថយន្តក្រុងសិរីសោភ័ណ។
២-ចេញដំណើរពីខេត្តបន្ទាយមានជ័យ ទៅរាជធានីភ្នំពេញ ទីតាំងចំណតរថយន្តក្រុងសិរីសោភ័ណ រៀងរាល់ម៉ោង ០៦:៣០នាទីព្រឹក (ចេញជាបន្តបន្ទាប់រហូតអស់រថយន្ត) ចាប់ពីថ្ងៃទី ១២ ដល់ ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ ទៅទីតាំងចំណតស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ៕
