រដ្ឋមន្ត្រីក្រសួងសាធារណការ ចុះពិនិត្យគម្រោងស្តារផ្លូវជាតិលេខ៨៨ ប្រើប្រាស់បច្ចេកវិទ្យា Stabilizer ទំនើប
(ខេត្តព្រៃវែង)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងសាធារណការ ចុះពិនិត្យគម្រោងស្តារផ្លូវជាតិលេខ៨៨ ប្រើប្រាស់បច្ចេកវិទ្យា Stabilizer ទំនើប។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យគម្រោងស្តារឡើងវិញផ្លូវជាតិលេខ៨៨ នាព្រឹកថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៥ ក្នុងខេត្តព្រៃវែង។
ការចុះពិនិត្យនេះ មានគោលបំណងតាមដានវឌ្ឍនភាពការងារគម្រោង និងពិនិត្យមើលការអនុវត្តបច្ចេកវិទ្យាទំនើបម៉ាស៊ីន Stabilizer ក្នុងការសាងសង់ផ្លូវ។ បច្ចេកវិទ្យា Stabilizer ត្រូវបានប្រើប្រាស់ដើម្បីពង្រឹងតួថ្នល់ដែលខូចខាត ដោយមិនចាំបាច់កាយតួថ្នល់ចាស់ចេញ ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា ការការពារបរិស្ថាន កាត់បន្ថយការបញ្ចេញកាបូន សន្សំសំចៃសម្ភារៈ និងកាត់បន្ថយផលរំខានដល់ចរាចរណ៍។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការប្រើប្រាស់ម៉ាស៊ីន Stabilizer នេះ មិនត្រឹមតែជួយលើកកម្រិតគុណភាពផ្លូវប៉ុណ្ណោះទេ តែថែមទាំងអនុញ្ញាតឱ្យចរាចរណ៍អាចបើកដំណើរការវិញបានភ្លាមៗក្រោយពីការងារពង្រឹងគ្រឹះផ្លូវបានបញ្ចប់។ នេះជាចំណុចសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់ដល់ការរស់នៅ និងការប្រកបរបររកស៊ីរបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរការដ្ឋាន។
គម្រោងស្តារផ្លូវជាតិលេខ៨៨ នៅក្នុងឆ្នាំ ២០២៥ នេះ រួមមានការងារពង្រឹងគ្រឹះផ្លូវដោយម៉ាស៊ីន Stabilizer និងការអ៊ុតកៅស៊ូ Overlay AC កម្រាស់ ៥០មម ប្រវែង ៥៤៧៥ម ទទឹង ១០ម។ ផ្លូវនេះចាប់ផ្តើមពីចំណុចប្រសព្វផ្លូវជាតិលេខ៨ (គីឡូម៉ែត្រ១២៤) ដល់ច្រកទ្វារអន្តរជាតិម៉ឺនជ័យ (កម្ពុជា-វៀតណាម) ស្ថិតក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។ គម្រោងនេះគ្រោងនឹងបញ្ចប់នៅខែឧសភា ឆ្នាំ ២០២៥ ខាងមុខ។
ការប្រើប្រាស់បច្ចេកវិទ្យា Stabilizer ត្រូវបានគាំទ្រយ៉ាងខ្លាំង ដោយសារតែវាជាមធ្យោបាយមួយដែលស្របតាមគោលនយោបាយជាតិក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រកបដោយគុណភាព ធន់នឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការបញ្ចេញកាបូន។ លើសពីនេះ វាក៏ឆ្លើយតបទៅនឹងបញ្ចកោណទី៤ នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចបៃតងផងដែរ៕





ប្រភព៖ ក្រសួងព័ត៌មាន