ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរជាតិអប្សរា សម្ដែងការមិនពេញចិត្ត និងមិនអាចទទួលយកបាន ចំពោះការបង្ហោះផ្សព្វផ្សាយវីដេអូប្រើប្រាស់កាយវិការ និងសម្លៀកបំពាក់មិនសមរម្យនៅ មុខប្រាសាទអង្គរវត្ត

    BY Naren April 4, 2025
    អាជ្ញាធរជាតិអប្សរា សម្ដែងការមិនពេញចិត្ត និងមិនអាចទទួលយកបាន ចំពោះការបង្ហោះផ្សព្វផ្សាយវីដេអូប្រើប្រាស់កាយវិការ និងសម្លៀកបំពាក់មិនសមរម្យនៅ មុខប្រាសាទអង្គរវត្ត

    អាជ្ញាធរជាតិអប្សរា នៅយប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយ ថ្មីៗនេះគណនីហ្វេសប៊ុក និង TikTok ឈ្មោះ Nina Daily បានបង្ហោះផ្សព្វផ្សាយវីដេអូប្រើប្រាស់កាយវិការ និងសម្លៀកបំពាក់មិនសមរម្យនៅ មុខប្រាសាទអង្គរវត្ត ក្នុងគោលដៅបង្ហាញ និងលើកតម្កើងពីការហាត់ប្រាណរបស់ខ្លួន ដែលប៉ះពាល់ដល់តម្លៃ របស់អង្គរ សម្បត្តិបេតិកភណ្ឌពិភពលោក។

    ក្នុងសេចក្តីប្រកាសព័ត៌មានអាជ្ញាធរជាតិអប្សរា សូមសម្តែងការមិនពេញចិត្ត និងមិនអាចទទួលយកបាន ចំពោះការប្រើប្រាស់ សម្បត្តិបេតិកភណ្ឌជាតិដោយពុំសមស្របនេះ ក្នុងនោះអង្គរវត្ត មិនមែនត្រឹមតែជាកេតនភណ្ឌជាតិ អត្តសញ្ញាណ ជាតិ និងជាទីសក្ការបូជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានតម្លៃជាសកល ជាកិត្តិយសជាតិ ដែលត្រូវបានទទួលស្គាល់ថាជា បេតិកភណ្ឌពិភពលោក។ ក្នុងន័យនេះ ការប្រើប្រាស់សម្លៀកបំពាក់ និងកាយវិការរបស់គាត់ គឺជាទង្វើប្រាសចាក ទាំងតម្លៃបេតកកភណ្ឌ និងសីលធម៌ ដូចជា៖

    ១- ទង្វើមិនសមស្រប ដែលយករូបភាពប្រាសាទអង្គរវត្ត មកថតផ្សព្វផ្សាយ ភ្ជាប់ជាមួយរូបភាព សម្តែងរបស់ខ្លួន។

    ២- កង្វះខាតនៃសីលធម៌ផ្ទាល់ខ្លួន តាមរយៈការបង្ហាញរូបភាពប៉ះពាល់ដល់តម្លៃរមទម ចរិយា សម្បត្តិ និងភាពថ្លៃថ្នូរនៃភាពជាស្ត្រីខ្មែរ។

    ៣- កង្វះខាតការគោរពចំពោះវប្បធម៌ និងប្រពៃណីជាតិ។

    អាជ្ញាធរជាតិអប្សរា ភ្លាមៗបានណែនាំឱ្យម្ចាស់គណនីឈ្មោះ Nina Daily លុបចេញជាបន្ទាន់ និង សូមណែនាំជាបន្តឱ្យសុំទោសជាសាធារណៈចំពោះការបង្ហោះវីដេអូផ្សព្វផ្សាយ ដែលប្រើប្រាស់សម្លៀកបំពាក់ និងកាយវិការមិនសមស្របនេះ ក៏ដូចជាសន្យាបញ្ឈប់ការប្រព្រឹត្តនូវទង្វើខុសនឹងសីលធម៌ និងប្រពៃណីជាតិខ្មែរ តទៅទៀតនៅក្នុងរមណីយដ្ឋានអង្គរ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា សូមសំណូមពរសាធារណជនទាំងអស់ មេត្តាចូលរួមថែរក្សាតម្លៃបេតិកភណ្ឌជាតិ ចៀសវាងការប្រព្រឹត្តនូវសកម្មភាពណាមួយដែលធ្វើឱ្យប៉ះពាល់ដល់ កិត្តិយសជាតិ និងតម្លៃស្ត្រីខ្មែរ។

    ក្នុងនោះផងដែរអាជ្ញាធរជាតិអប្សរា ក៏បានសំណូមពរសូមកុំចែកចាយបន្តចំពោះ វីដេអូផ្សព្វផ្សាយមិនសមរម្យនោះផងដែរ៕

    Share This Post: