ប្រទេសចំនួន ៧០ អំពាវនាវឱ្យកូរ៉េខាងជើង លុបចោលនូវកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ដើម្បីសន្តិភាពពិភពលោក
កាលពីថ្ងៃសុក្រនេះប្រទេសចំនួន ៧០ បានអំពាវនាវឱ្យកូរ៉េខាងជើង លុបចោលនូវអាវុធនុយក្លេអ៊ែរ មីស៊ីលផ្លោង និងកម្មវិធីដែលទាក់ទង ដើម្បីបញ្ឈប់ «ការគំរាមកំហែងឥតឈប់ឈរ» ដែលបង្កឱ្យមានអសន្តិភាពពិភពលោក។ ហត្ថលេខីរួមមានសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក៏ដូចជាបណ្តាប្រទេសនៅអាស៊ី អាមេរិចឡាទីន អាហ្វ្រិក និងអឺរ៉ុប។ ប្រទេសរុស្ស៊ី និងប្រទេសចិន ដែលជាអ្នកគាំទ្រក្រុងព្យុងយ៉ាងមិនបានចុះហត្ថលេខាលើឯកសារ ដែលបានព្រាងដោយប្រទេសបារាំងនេះទេ។

ក្រុមអ្នកវិភាគនិយាយថា ជាមួយការបាញ់មីស៊ីលពីរដងត្រឹមរយៈពេលមួយសប្តាហ៍ ទីក្រុងព្យុងយ៉ាងកំពុងបង្កើនសម្ពាធលើសហរដ្ឋអាមេរិក និងមិនបញ្ឈប់អាវុធនុយក្លេអ៊ែរអ្វីទាំងអស់។ យោងតាមប្រភពការទូតមួយបានឱ្យដឹងថា ប្រហែល ១៥ប្រទេសបន្ថែមទៀតបានស្នើសុំឱ្យចុះហត្ថលេខាលើសំណើរសុំដកអាវុធរបស់កូរ៉េខាងជើង បន្ទាប់ពីមានការបាញ់មីស៊ីលថ្មីជាលើកទី ២ ។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា ប្រទេសដែលបានអំពាវនាវដល់កូរ៉េខាងជើងទាំងនេះ ស្អប់ខ្ពើមនូវការគំរាមកំហែងឥតឈប់ឈរ និងការគំរាមកំហែងចំពោះសន្តិភាព សន្តិសុខក្នុងតំបន់ និងអន្តរជាតិ ដែលបង្កឡើងដោយកម្មវិធីមីស៊ីលនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលផ្លោង ដែលកូរ៉េខាងជើងកំពុងអភិវឌ្ឍន៍៕


អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia