ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ ក្រើនរម្លឹកពលរដ្ឋរួមគ្នាប្រុងប្រយ័ត្នទាំងទៀនធូប និងភ្លើងតុបតែងដើម្បីបញ្ចៀសអគ្គិភ័យថ្ងៃចូលឆ្នាំ

    BY soknita April 8, 2025
    ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ ក្រើនរម្លឹកពលរដ្ឋរួមគ្នាប្រុងប្រយ័ត្នទាំងទៀនធូប និងភ្លើងតុបតែងដើម្បីបញ្ចៀសអគ្គិភ័យថ្ងៃចូលឆ្នាំ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ ក្រើនរម្លឹកពលរដ្ឋរួមគ្នាប្រុងប្រយ័ត្នទាំងទៀនធូប និងភ្លើងតុបតែងដើម្បីបញ្ចៀសអគ្គិភ័យថ្ងៃចូលឆ្នាំ។

    លោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានរម្លឹកឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២៣ មានករណីអគ្គិភ័យកើតឡើង ១៥ករណី បណ្ដាលឱ្យឆេះផ្ទះ ១៣ខ្នង បន្ទប់ស្នាក់នៅ៦បន្ទប់ ឃ្លាំង១ខ្នង និងរថយន្ត ៤គ្រឿង។ ពុំមានអ្នកស្លាប់ និងបួស គ្រោះអគ្គិភ័យកាលណោះ មានមូលហេតុចម្បង ដូចជាការឆ្លងចរន្តអគ្គិសនី៨ករណី ភ្លើងទៀននិងធូប៥ករណី។

    ចំណែក នៅឆ្នាំ ២០២៤ នៃពិធីបុណ្យចូលឆ្នាំដូចគ្នាគ្រោះអគ្គិភ័យបានកើតឡើង២០ករណី កើន៥ករណី ធៀបនឹងឆ្នាំចាស់ ប៉ុន្តែមិនបង្កឱ្យមានអ្នករងរបួស និងស្លាប់នោះទេ។ កាលណោះ គ្រោះអកុសលនេះ បានបណ្ដាលឱ្យឆេះផ្ទះ ១៥ខ្នង ហ្គាសជួសជុលរថយន្ត ១ខ្នង រថយន្ត៩គ្រឿង ម៉ូតូ៦គ្រឿង និងព្រៃដីចម្ការកសិកម្មចំនួន ២១ហិចតា ខណៈមូលហេតុ គឺដោយសារឆ្លងចរន្តអគ្គិសនី៦ករណី ផ្ទុះកំប៉ុងហ្គាស១ករណី ប្រើប្រាស់ភ្លើងទៀននិងធូប៦ករណី និងករណីផ្សេងៗទៀត៧ករណី។

    បើតាមឧត្ដមសេនីយ៍ឯក នេត វន្ថា ក្រោមការដឹកនាំបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំតម្រង់ទិសជាប្រចាំពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់ពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២៥ នេះ នាយកដ្ឋាន បានរៀបចំកម្លាំងជំនាញទូទាំងរាជធានី ខេត្ត ឱ្យផ្សព្វផ្សាយ ណែនាំប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ និងនៅតំបន់ងាយរងគ្រោះ ឬគោលដៅមានហានីភ័យ និងប្រឈមករណីអគ្គិភ័យ។

    លោកបន្ថែមថា «ទន្ទឹមនោះ យើងក៏មានការចុះបង្រៀនដល់ពលរដ្ឋតាមតំបន់គោលដៅ និងណែនាំឱ្យពួកគាត់ចេះប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យ ទាំងបុរាណ និងសម័យ ដូចជាបំពង់ពន្លត់អគ្គិភ័យគ្រប់ប្រភេទ ត្រូវធ្វើដូចម្ដេច និងបែបបុរាណមានធុងទឹក បាវខ្សាច់ ប៉ែល ត្រសេះ ឬកំណត់ចាស់ៗដើម្បីត្រៀមពេលដែលមានអគ្គិភ័យកើតមានឡើង ជាវិធីបឋមតើពលរដ្ឋអាចមានលទ្ធភាពពន្លត់ដោយខ្លួនឯងបានរបៀបម៉េចជាដើម»។ លោកឧត្តមសេនីយ៍ បានឱ្យដឹងថា អគ្គស្នងការនគរបាលជាតិ ក៏បានរៀបចំផែនការ ត្រៀមកម្លាំងជំនាញពង្រាយកម្លាំងការពារតំបន់សំខាន់ៗនៅក្នុងភូមិសាស្ត្ររាជធានី ខេត្ត ដោយម្យ៉ាងត្រៀមរថយន្តពន្លត់អគ្គិភ័យ និងម្យ៉ាងចូលរួមដឹកទឹកបាញ់ជូនពលរដ្ឋលេងកម្សាន្តតាមគោលដៅរៀបចំសង្ក្រាន្តអបអរសាទរពិធីបុណ្យចូលឆ្នាំ។

    ជាថ្មីម្តងទៀត លោកបានសំណូមពរប្រជាពលរដ្ឋទាំងអស់ គឺ មុននិងក្រោយពិធីបុណ្យចូលឆ្នាំថ្មី សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់នូវការប្រើប្រាស់ប្រភពភ្លើង ពោលគឺមុនចាកចេញពីលំនៅដ្ឋានត្រូវពន្លត់ភ្លើង ទៀន ធូប ឬបិទកុងតាក់ភ្លើង ចង្ក្រានហ្គាសឱ្យបានរួចរាល់ និងមានសុវត្ថិភាព។ លោកក៏ស្នើសុំកម្លាំងអាជ្ញាមូលដ្ឋាន ប្រជាការពារ និងប្រជាពលរដ្ឋចូលរួមសហការគ្នា ឃ្លាំងមើល ប្រសិនបើមានករណីផ្សែងហុយ ឬបញ្ហាអ្វីមួយ សូមរាយការណ៍ទៅសមត្ថកិច្ច អង្គភាពពន្លត់អគ្គិភ័យឱ្យបានទាន់ពេលវេលាដើម្បីងាយស្រួលក្នុងការចេញអន្តរាគមន៍។

    លោកឧត្ដមសេនីយ៍ឯក នេត វន្ថា «ខ្ញុំក៏ស្នើសុំគ្រប់ក្រសួង មន្ទីរ ស្ថាប័ន វត្តអារាម ខ្នងផ្ទះ មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការតបណ្ដាញអគ្គិសនី ក្នុងការរៀបចំសង្ក្រាន្ត ដោយតុបតែលម្អគ្រឿងផ្កាភ្ញី សូមឱ្យមានការគិតគូត្រឹមត្រូវស្របតាមបទដ្ឋានបច្ចេកទេស សុវត្ថិភាព និងជាពិសេសប្រសិនបើមានករណីអគ្គិភ័យកើតឡើង សូមឱ្យតាមបណ្ដាមន្ទីរ ស្ថាប័ន វិស័យឯកជន និងបងប្អូន ប្រជាពលរដ្ឋ ប្រើប្រាស់ប្រព័ន្ធអនឡាញ (Online) លេខ១១៨ និងឆានែលអនឡាញ តេឡេក្រាម ១១៨ ដើម្បីស្នើសុំការអន្តរាគមន៍ពីកម្លាំងជំនាញ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay