ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឆ្នាំ ២០២៤ ក្រសួងមហាផ្ទៃបន្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនបាន ៦០៦ករណី

    BY Naren March 18, 2025
    ឆ្នាំ ២០២៤ ក្រសួងមហាផ្ទៃបន្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនបាន ៦០៦ករណី

    យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឆ្នាំ ២០២៤ ក្រសួងមហាផ្ទៃបន្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនបាន ៦០៦ករណី។

    តាមការបញ្ជាក់របស់ ក្រសួងមហាផ្ទៃ ក្នុងឆ្នាំ ២០២៤ កន្លងទៅក្រសួងមហាផ្ទៃបានបន្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាមួយបណ្តាប្រទេសជាសមាជិកនគរបាលអន្តរជាតិ និងដៃគូសហប្រតិបត្តិការទាំងក្នុង និងក្រៅតំបន់សរុបបានចំនួន ៦០៦ករណី។ នេះបើតាមរបាយការណ៍លទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងមហាផ្ទៃ។

    អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឯកឧត្តមបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា កម្ពុជាតែងតែចូលរួមយ៉ាងសកម្ម និងមានឆន្ទៈខ្ពស់ជានិច្ច ក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងបទល្មើសនានាទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី និងក្នុងតំបន់ ដើម្បីរួមចំណែកដោះស្រាយបញ្ហារួម ទាំងកម្រិតការងារក្នុងដែនអធិបតេយ្យ និងតាមរយៈយន្តការជាអន្តរជាតិ។

    ឯកឧត្តមបណ្ឌិត ទូច សុឃៈ ក៏បានឱ្យដឹងដែរថា នាឆ្នាំ ២០២៤ កន្លងទៅដែរនោះ ក្រសួងក៏បានបញ្ជូនមន្រ្តីនគរបាលជាតិចំនួន ៩៥៦រូប ទៅចូលរួមវេទិកាតំបន់ និងអន្តរជាតិនានាចំនួន ២០៨លើក ដើម្បីលើកកម្ពស់សមត្ថភាព ជំនាញ និងការធ្វើការផ្លាស់ប្ដូរបទពិសោធន៍ជាមួយបណ្ដាប្រទេសជាសមាជិកនគរបាលអន្តរជាតិ និងដៃគូសហប្រតិបត្តិការ៕

    ប្រភព៖ ក្រសួងមហាផ្ទៃ

    Share This Post: