ខេត្តពោធិ៍សាត់ នឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ចំនួន ៤ទីតាំង ក្នុងរយៈពេល ៤ថ្ងៃ
(ខេត្តពោធិ៍សាត់)៖ នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលខេត្តពោធិ៍សាត់ នឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ចំនួន ៤ទីតាំង ក្នុងរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥។

ក្នុងនោះដែរ រដ្ឋបាលខេត្តពោធិ៍សាត់ បានបន្ថែមថា ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២៥ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ រដ្ឋបាលខេត្ត នឹង រៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តពោធិ៍សាត់ ២០២៥» ដែលនឹងប្រព្រឹត្តទៅរយៈពេល ០៤ថ្ងៃ គឺចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ ចំនួន ៤ទីតាំងគឺ៖
១. នៅលើបុរីវប្បធម៌កោះសំពៅមាស
២. ទីធ្លាខាងមុខសាលាខេត្ត
៣. សួន១៤មករា
៤.ពហុកីឡដ្ឋានខេត្ត
ការរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តពោធិ៍សាត់ ២០២៥ នេះ គឺជាការចូលរួមអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងបរិបទប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាពនយោបាយល្អប្រសើរ ម្យ៉ាងវិញទៀតដើម្បីចូលរួម អបអរសាទរទទួលទេវតាឆ្នាំថ្មី សិរីសួស្តី ជ័យមង្គល និងជាឱកាសដ៏ល្អសម្រាប់ជួបជុំក្រុមគ្រួសារ។ ព្រឹត្តិការណ៍នេះ ក៏មានការប្រគំតន្ត្រីប្រពៃណី និងសម័យ ការរាំលេងកម្សាន្ត ការតាំងពិព័រណ៍បង្ហាញផលិតផល និងសម្ភារៈ ប្រើប្រាស់ក្នុងស្រុក ការលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ និងព្រឹត្តិការណ៍កម្សាន្តផ្សេងៗ ដើម្បីបង្កបរិយាកាស សប្បាយរីករាយ ដែលមានការចូលរួមសម្តែងដោយ លោកស្រី ឱក សុគន្ធកញ្ញា លោក ណុបបាយ៉ារិទ្ធ លោក លឹម តិចម៉េង និងតារាល្បីៗជាច្រើនទៀត។
សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ អាជីវករ ម្ចាស់ក្រុមហ៊ុន សហគ្រាស វិស័យឯកជន បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីចូលរួមកម្សាន្តសប្បាយរីករាយឲ្យបានច្រើនកុះករ និងអធិកអធម ដើម្បីរួម ចំណែកលើកកម្ពស់វប្បធម៌ប្រពៃណីជាតិខ្មែរ កិត្យានុភាពជាតិ ពិសេសសក្តានុពលនៃខេត្តាគាធិ៍សាត់៕






ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់