អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បដិសេធចំពោះ គេហទំព័រ «cambodia-e-arrival.com» នេះ មិនមែនជាគេហទំព័រស្របច្បាប់ឡើយ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បដិសេធចំពោះ គេហទំព័រ «https://cambodia-e-arrival.com» នេះ មិនមែនជាគេហទំព័រស្របច្បាប់ឡើយ។

ក្នុងសេចក្ដីបំភ្លឺព័ត៌មានរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ការបដិសេធចំពោះ គេហទំព័រដែលមានអាសយដ្ឋាន «https://cambodia-e-arrival.com» គឺដោយសារមិនមែនជាគេហទំព័រស្របច្បាប់ ដែលត្រូវបង្កើតឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ សម្រាប់ប្រើប្រាស់ក្នុងការបំពេញ ព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជានោះឡើយ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមធ្វើការប្រកាសព័ត៌មានជាថ្មីម្តងទៀតជូនសាធារណជនជាតិ និងអន្តរជាតិ ជាពិសេសអ្នកធ្វើដំណើរចូលព្រះរាជាណាចក្រកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិទាំងអស់ សូមប្រើប្រាស់តំណភ្ជាប់ទៅកាន់គេហទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលត្រូវបានទទួលការ អនុញ្ញាតដោយរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា តែមួយគត់ ដែលមានអាសយដ្ឋាន «www.arrival.gov.kh» ឬកម្មវិធី «Cambodia e-Arrival» ។ ដូចនេះកម្ពុជាស្នើដល់អ្នកដំណើរចូល តាមអាកាសយានដ្ឋានអន្តរជាតិទាំងអស់ មេត្តាប្រុងប្រយ័ត្ន ខ្ពស់ក្នុងការចូលទៅគេហទំព័រសម្រាប់ការបំពេញព័ត៌មានសលាកបត្រតាមប្រព័ន្ធអេឡិចត្រូនិក សូមធ្វើការ ពិនិត្យឱ្យបានច្បាស់លាស់ ជៀសវាងការចូលទៅគេហទំព័រក្លែងបន្លំនានា ដែលនាំឱ្យមានការខាតបង់ថវិកា ឬការលួចយកព័ត៌មានផ្ទាល់ខ្លួនផ្សេងៗរបស់អ្នកប្រើប្រាស់ដោយខុសច្បាប់។ ទន្ទឹមនោះ ជនណាដែលបង្កើត គេហទំព័រ ឬកម្មវិធីក្លែងបន្លំនានា ក្នុងរូបភាពដើម្បីបោកប្រាស់ជាផលប្រយោជន៍ផ្ទាល់ខ្លួន នឹងត្រូវចាត់វិធានការ ច្បាប់ជាធរមាន។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមធ្វើការបញ្ជាក់ជាថ្មីថា សម្រាប់ការបំពេញព័ត៌មានតាមប្រព័ន្ធអេឡិច ត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា «www.arrival.gov.kh» ឬកម្មវិធី «Cambodia e-Arrival» ពុំតម្រូវឱ្យបង់ថ្លៃសេវានោះទេ លើកលែងតែថ្លៃកម្រៃទិដ្ឋាការប៉ុណ្ណោះ។
ប្រសិនបើសាធារណជនជាតិ និងអន្តរជាតិទាំងអស់ មានការសង្ស័យ ឬភាពមិនប្រក្រតីណាមួយ សូមមេត្តាទំនាក់ទំនងដើម្បីសាកសួរព័ត៌មានដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ Hot-Line, គេហទំព័រ website, Facebook Page ឬបណ្តាញទំនាក់ទំនងសង្គមផ្លូវការនានារបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ជាថ្មីម្តងទៀត អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមធ្វើការប្រកាសបដិសេធនូវរាល់គេហទំព័រ ឬកម្មវិធី ណាដែលមិនស្របច្បាប់ និងក្លែងបន្លំ ដែលធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នជាតិ ជាពិសេស កិត្តិយសរបស់ព្រះរាជា- ណាចក្រកម្ពុជា និងសំណូមពរដល់សាធារណជនទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ ប្រព័ន្ធអេឡិចត្រូនិកនានា៕

ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍