ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ពានខ្ពស់ជាងគេ បើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នសម្រាប់រថយន្តគ្រួសារ និងម៉ូតូ

    BY soknita April 11, 2025
    ស្ពានខ្ពស់ជាងគេ បើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នសម្រាប់រថយន្តគ្រួសារ និងម៉ូតូ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្ពានខ្ពស់ជាងគេ បើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នសម្រាប់រថយន្តគ្រួសារ និងម៉ូតូ។

    ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ បានបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្ន។ ការបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្ននេះ មានរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ គឺមុន និងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

    បើតាមឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាការបើកឱ្យធ្វើដំណើរឆ្លងកាត់នេះ គឺសម្រាប់រថយន្តគ្រួសារ និងម៉ូតូ ចាប់ពីម៉ោង៦:០០ព្រឹក ដល់ម៉ោង ១៨:០០ល្ងាច និងមិនអនុញ្ញាត្តិឲ្យឈប់យានយន្តលើស្ពានជាដាច់ខាត ដើម្បីធានាសុវត្ថិភាព។ ដោយឡែក ចំពោះរថយន្តដឹកអីវ៉ាន់ និងរថយន្តធំៗត្រូវបន្តប្រើប្រាស់ផ្លូវវាងដដែល។

    គួរបញ្ជាក់ថា ស្ពានលេខ២៨នេះ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង ១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រេចការសាងសង់ស្ទើរ ១០០ ភាគរយហើយ ។

    ក្រោយពេលបញ្ចប់ការបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នរយៈពេល៧ថ្ងៃ យើងនឹងបិទចរាចរណ៍លើស្ពានមួយរយៈទៀត (បន្តប្រើផ្លូវវាង) ដើម្បីឱ្យការដ្ឋានបង្ហើយកិច្ចការរបស់ខ្លួនដូចជា៖ ដាក់បង្កាន់ដៃ, អ៊ុតAC, គូសគំនូសចរាចរណ៍, បំពាក់ផ្លាកសញ្ញាចរាចរណ៍ និងកិច្ចការការបន្ទាប់មន្សំមួយចំនួនទៀត៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: