ឯកឧត្តម ហ៊ុន ម៉ានី ជូនដំណើរយុវជនស្ម័គ្រចិត្ត ៥៨៦នាក់ ទៅខេត្តសៀមរាប ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ២០២៥
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម ហ៊ុន ម៉ានី ជូនដំណើរយុវជនស្ម័គ្រចិត្ត ៥៨៦នាក់ ទៅខេត្តសៀមរាប ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ២០២៥ នេះ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ បានអញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ២០២៥ ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីរួមខេត្តសៀមរាប នាព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៥ នេះ។
ឯកឧត្តមបានមានមតិសំណេះសំណាល និងបានរំលឹកពីគោលគំនិតនៃការចាប់ផ្ដើមរៀបចំព្រឹត្តិការណ៍អង្គសង្ក្រាន្ដដំបូងនៅឆ្នាំ ២០១៣។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបានថ្លែងអំណរគុណដល់ប្អូនៗដែលចូលរួមស្ម័គ្រចិត្តក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ ២០២៥ ដែលនឹងឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះ។
ព្រឹត្តិការណ៍អង្គរសង្រ្កាន្តត្រូវបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាជាលើកដំបូងក្នុងឆ្នាំ២០១៣ ហើយបានក្លាយជាព្រឹត្តិការណ៍វប្បធម៌ដ៏ធំដែលមានមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ នេះ នឹងមានការសម្ដែងទស្សនីយ៍ភាព ការតាំងបង្ហាញមរតកវប្បធម៌ដូនតា ក៏ដូចជាកម្មវិធីកម្សាន្តជាច្រើននៅតាម ៦ទីតាំងធំៗ រង់ចាំទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្ដរជាតិមកជួបជុំអបអរសាទរសង្ក្រាន្ដឆ្នាំលើទឹកដីអង្គរ៕





ប្រភព៖ ក្រសួងព័ត៌មាន