មន្ត្រីជំនាញ បង្ក្រាបកន្លែងផលិតស្រាក្លែងក្លាយ រួមឧបករណ៍សម្រាប់លាយ ដែលមានម៉ាកល្បីៗរាប់ពាន់ដងដប
- BY
- soknita
- April 11, 2025
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៥ នេះ អគ្គនាយកការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៥ មន្ត្រីជំនាញ បង្ក្រាបកន្លែងផលិតស្រាក្លែងក្លាយ រួមឧបករណ៍សម្រាប់លាយ ដែលមានម៉ាកល្បីៗរាប់ពាន់ដប។
អគ្គនាយកការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា មន្រ្តីជំនាញ សាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ និងក្រោមការដឹកនាំ សម្របសម្រួល ដោយលោកស្រី ស៊ូ សុជាតា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងផលិតស្រាក្លែងក្លាយ ស្ថិតនៅឃ្លាំងគ្មានលេខ ផ្លូវបេតុង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រោយពីការត្រួតពិនិត្យបានរកឃើញមានផលិតផលស្រាក្លែងក្លាយ ជាច្រើនប្រភេទ រួមឧបករណ៍ សម្ភារៈ ស្រា សម្រាប់លាយ និងសំបកដប កេសទទេ សម្រាប់ច្រកចូលទៅតាមប្រភេទដបស្រា មានម៉ាកល្បី របស់ក្រុមហ៊ុននានា ដែលរួមាន ស្រាសម្រាប់លាយ ២៨៩កេស ស្មើនឹង ៣៣៩៦ដប ស្រាក្លែងក្លាយ ចំនួន ៨០កេស ស្មើនឹង ៩១៦ដប ឧបរកណ៍កែច្នៃ សំបកដប និងកេសទទេ មួយចំនួនទៀត។
ដោយឡែកវត្ថុតាងស្រាក្លែងក្លាយទាំងនេះ ត្រូវបានលោកស្រីព្រះរាជអាជ្ញារង អនុញ្ញាតឱ្យធ្វើការដកហូតយកទៅរក្សាទុកជាបណ្តោះអាសន្ននៅអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីចាត់វិធានការតាមនីតិវិធីបន្ត ដោយឡែកសំបកដប និងកេសទទេ បានរក្សាទុកនៅទីតាំងដដែល ហើយត្រូវបានឃ្លុំបេសៀលបិទទីតាំងជាបណ្តោះអាសន្ន។
អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់បុគ្គលដែលប្រព្រឹត្ត សូមផ្អាកសកម្មភាពបែបនេះជាបន្ទាន់ ជៀសវាងនូវការទទួលទោសចំពោះមុខច្បាប់ និងធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវជនដែលជាទំពាំងស្នងឬស្សី៕
ប្រភព៖ អគ្គនាយកការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ
- Share This Post: