លោក Donald Trump បានប្រកាសអាសន្នជាតិ ដើម្បីរារាំងអាមេរិកមិនឱ្យប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍បរទេស
លោកប្រធានាធិបតី Donald Trump បានប្រកាសពីភាពអាសន្នជាតិកាលពីថ្ងៃពុធ ទី១៥ ខែឧសភា ដើម្បីរារាំងក្រុមហ៊ុនអាមេរិកមិនឱ្យប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍បរទេស។ ការបញ្ជាដែលបានចុះហត្ថលេខាដោយលោក Trump ហាមប្រាមការទិញ ឬការប្រើប្រាស់ឧបករណ៍ពីក្រុមហ៊ុនណាមួយ ដែលបង្កឱ្យមាន «ហានិភ័យដែលមិនអាចទទួលយកបានចំពោះសន្ដិសុខជាតិរបស់សហរដ្ឋអាមេរិក ឬសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជនអាមេរិក» ។

អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Sanders បាននិយាយថា៖ «រដ្ឋបាលនេះនឹងធ្វើអ្វីដែលចាំបាច់ ដើម្បីរក្សាអាមេរិចឱ្យមានសុវត្ថិភាព និងវិបុលភាព និងដើម្បីការពារអាមេរិកពីសត្រូវបរទេស»។ យ៉ាងណាមិញមន្ត្រីជាន់ខ្ពស់នៅសេតវិមានម្នាក់បានទទូចថា គ្មានប្រទេសណាមួយ ឬក្រុមហ៊ុនណាមួយ ត្រូវបានគេកំណត់គោលដៅនៅក្នុងការប្រកាសអាសន្ននេះទេ។ ទោះជាយ៉ាងណាក៏ដោយវិធានការរបស់អាមេរិកនេះគឺប្រៀបដូចជាបានបង្ហាញថា សង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក-ចិន កាន់តែជ្រៅឡើងៗ ខណៈអាមេរិកព្យាយាមបញ្ចុះបញ្ចូលឱ្យប្រទេសជាសម្ព័ន្ធមិត្ត មិនឱ្យរើសយកប្រព័ន្ធ 5G របស់ប្រទេសចិន ដោយព្រមានថា ធ្វើបែបនេះនឹងនាំឱ្យមានការរឹតត្បិតលើការចែករំលែកព័ត៌មានជាមួយសហរដ្ឋអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia