ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកវិទ្យាសាស្រ្តបង្កើតឧបករណ៍ជំនួយការស្តាប់ ដើម្បីឱ្យអ្នកប្រើប្រាស់អាចស្តាប់ឮសំឡេងដែលពួកគេចង់ស្តាប់ និងបន្ថយសំឡេងអ្វីដែលពួកគេមិនចង់ស្តាប់

    BY autoadmin May 16, 2019
    អ្នកវិទ្យាសាស្រ្តបង្កើតឧបករណ៍ជំនួយការស្តាប់ ដើម្បីឱ្យអ្នកប្រើប្រាស់អាចស្តាប់ឮសំឡេងដែលពួកគេចង់ស្តាប់ និងបន្ថយសំឡេងអ្វីដែលពួកគេមិនចង់ស្តាប់

    អ្នកវិទ្យាសាស្រ្តបានបង្កើតឧបករណ៍ជំនួយផ្នែកត្រចៀកមួយដែលពឹងផ្អែកលើរលកខួរក្បាលរបស់អ្នកប្រើប្រាស់ ដើម្បីបន្ថយសំឡេងដែលរំខាន និងធ្វើឱ្យពួកគេស្តាប់ឮអ្វីមួយជាក់លាក់ពីមនុស្ស ឬវត្ថុនៅជុំវិញខ្លួនដែលពួកគេចង់ស្តាប់។ ឧបករណ៍នេះបង្កើតដោយក្រុមអ្នកវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យកូឡុំបៀ (Columbia University) ក្នុងទីក្រុងញូវយ៉ក ដែលវាប្រើក្បួនញែកសំឡេងឱ្យដាច់ពីគ្នា (speech-separation) ជាមួយបណ្តាញសរសៃប្រសាទ។

    ជាដំបូងប្រព័ន្ធនេះនឹងញែកសំឡេងមនុស្សនៅជុំវិញឱ្យដាច់ដោយលែកពីគ្នា បន្ទាប់មកវាប្រៀបធៀបការនិយាយរបស់ពួកគេម្នាក់ៗទាំងនោះទៅនឹងរលកខួរក្បាលរបស់អ្នកកំពុងស្តាប់។ ប្រសិនបើសំឡេងនរណាម្នាក់ស៊ីគ្នាជាមួយនឹងរលកខួរក្បាលរបស់អ្នកស្តាប់ វានឹងបន្ថយសំឡេងផ្សេងៗដែលរំខាន និងមិនចាំបាច់។ និយាយឱ្យស្រួលយល់ វានឹងបន្ថយសំឡេងដែលរំខានអ្នក ហើយបង្កើនការស្តាប់ចំពោះសំឡេងដែលខួរក្បាលរបស់អ្នកចង់ស្តាប់ឮ។

    បច្ចេកវិទ្យាពីមុនៗបានត្រឹមតែជួយបន្ថយសំឡេងរំខានដូចជាសំឡេងចរាចរណ៍ជាដើម ប៉ុន្តែមិនអាចបង្កើនការស្តាប់ឮពីបុគ្គលម្នាក់ណានោះទេ។ ចំពោះបច្ចេកវិទ្យាថ្មីនេះពួកគេបានរកឃើញអំពីតំណភ្ជាប់់រវាងរលកខួរក្បាល និងសំឡេងមនុស្ស ហើយជំហានដំបូងនេះពួកគេបានធ្វើតេស្តជោគជ័យចំពោះក្រុមមនុស្សនៅក្នុងបន្ទប់មួយ និងសង្ឃឹមថា ធ្វើតេស្តឱ្យបានជោគជ័យនៅមជ្ឈដ្ឋានខាងក្រៅឆាប់ៗ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Daily Mail

    Share This Post: