រដ្ឋបាលខេត្តកំពង់ធំ នឹងបញ្ចៀសចរាចរចំពោះរថយន្តដឹកទំនិញធុនធំចូលក្រុងស្ទឹងសែន និងយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តីរវិថីស្ទឹងសែន (ផ្លូវសួនស្ទឹងសែន)
- BY
- soknita
- April 12, 2025
(ខេត្តកំពង់ធំ)៖ កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា រដ្ឋបាលខេត្តកំពង់ធំ នឹងបញ្ចៀសចរាចរចំពោះរថយន្តដឹកទំនិញធុនធំចូលក្រុងស្ទឹងសែន និងយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តីរវិថីស្ទឹងសែន (ផ្លូវសួនស្ទឹងសែន)។
តាមរយៈកាបញ្ជាក់របស់ រដ្ឋបាលខេត្តកំពង់ធំ បានឱ្យដឹងថា ក្នុងឱកាសប្រារព្ធពិធី «សង្ក្រាន្តកំពង់ធំ» ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ រដ្ឋបាលខេត្តនឹងបញ្ចៀសចរាចរចំពោះរថយន្តដឹកទំនិញធុនធំចូលក្រុងស្ទឹងសែនចាប់ពីចំណុចរង្វង់មូល តាក្រហម ក ដល់រង្វង់មូលរូបសំណាកតាអាចារ្យលាក់ ដើម្បីចៀសវាងការកកស្ទះចរាចរចំពោះរថយន្តបងប្អូន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិចូលមកលេងកម្សាន្តក្នុងក្រុងស្ទឹងសែន។
ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ចៀសវាងការកកស្ទះចរាចរ រដ្ឋបាលខេត្តស្នើពង្វាងចរាចរចំពោះរថយន្តដឹកទំនិញធុនធំចូលក្រុងស្ទឹងសែនចាប់ពីចំណុចរង្វង់មូលតាក្រហម ក ដល់រវង្វង់មូលរូបសំណាកតាអាចារ្យលាក់ ដោយអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់ចូលក្រុងស្ទឹងសែនចំពោះតែ រថយន្តទេសចរណ៍លក្ខណៈគ្រួសារតែប៉ុណ្ណោះ និងបិទចរាចរយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់តីរវិថី ស្ទឹងសែន (ផ្លូវសួនស្ទឹងសែន) ដែលជាទីតាំងប្រារព្ធពិធី “សង្ក្រាន្តកំពង់ធំ” តាមកាលបរិច្ឆេទដែលបានកំណត់ខាងលើ។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមាន បំណងមកលេងកម្សាន្តតាមសួនដងស្ទឹងសែន ដែលជាទីតាំងប្រារព្ធពិធី សូមមេត្តាចតយានជំនិះនៅតាមចំណត ដែលរដ្ឋបាលខេត្តបានរៀបចំជូន (ទីតាំងក្នុងផែនទីឧបសម្ព័ន្ធជូនភ្ជាប់)។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបជាព័ត៌មាន និងចូលរួម សហការអនុវត្តតាមខ្លឹមសារខាងលើ ដើម្បីបង្កបរិយាកាសសប្បាយរីករាយក្នុងពិធី «សង្ក្រាន្តកំពង់ធំ»៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ
- Share This Post: