រយៈពេលបីថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ អាជ្ញាធរព្រះវិហារទទួលបានទេសចរចំនួន១៦ ៣៣២នាក់
(ខេត្តសៀមរាប)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ អាជ្ញាធរព្រះវិហារទទួលបានទេសចរចំនួន ១៦ ៣៣២នាក់។

នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៥ អាជ្ញាធរព្រះវិហារ បានបង្ហាញស្ថិតិភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ មានចំនួន ១៦ ៣៣២នាក់ ។
ក្នុងនោះភ្ញៀវទេសចរចូលទស្សនានៅរមណីយដ្ឋានប្រាសាទព្រះវិហារ បានទទួលភ្ញៀវទេសចរ សរុបចំនួន ៣ ៦៨១នាក់ ថយចុះ ១១,៤០ភាគរយ ធៀបនឹងបុណ្យចូលឆ្នាំ ២០២៤ ដែលក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន ៣ ៦២០នាក់ ថយចុះ ១១,១៨ភាគរយ និងភ្ញៀវទេសចរបរទេសចំនួន ៦១នាក់ ថយចុះ ២២,៧៨ភាគរយ។ រមណីយដ្ឋានប្រាសាទកោះកេរ បានទទួលភ្ញៀវទេសចរជាតិ សរុបចំនួន១២ ៤១៧នាក់ ថយចុះ ៣១,៤៥ភាគរយធៀបនឹងបុណ្យចូលឆ្នាំ២០២៤។
រីឯនៅសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ បានទទួលភ្ញៀវទេសចរ សរុបចំនួន ១៨៣នាក់ កើនឡើង ៥៣,៧៨ភាគរយធៀបនឹងបុណ្យចូលឆ្នាំ ២០២៤ ក្នុងនោះ មានភ្ញៀវទេសចរជាតិ ចំនួន ១៧៩នាក់ កើនឡើង ៥០,៤២ភាគរយ និងភ្ញៀវទេសចរបរទេសចំនួន ៤នាក់៕



ប្រភព៖ ក្រសួងព័ត៌មាន