កម្ពុជានិងចិនបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យធំៗចំនួន៤ តាមរយៈដំណើរទស្សនកិច្ចឯកឧត្តម ស៊ី ជីនពីង
- BY
- Naren
- April 18, 2025
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ដំណើរទស្សនកិច្ចដ៏សំខាន់របស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន មកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៧ដល់១៨មេសាឆ្នាំ២០២៥ បាននាំអោយមានការ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន តាមរយះ ការចុះហត្ថលេខាលើឯកសារ កិច្ចសហប្រតិបត្តិការចំនួន៣៧ ដូចជា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខសកល ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស កសិកម្ម ឧស្សាហកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ ជំនួយអភិវឌ្ឍន៍ ពន្ធគយ ចត្តាឡីស័ក សុខាភិបាល ទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយជាដើម។ ប៉ុន្តែជារួមកម្ពុជានិងចិនសម្រេចបានលើការងារបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យធំៗចំនួន៤នោះគឺកិច្ចសហប្រតិបត្តិការនយោបាយ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ពាណិជ្ជកម្ម និងវិនិយោគ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានអោយដឹងថា ឆ្លងតាមដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលរបស់ចិនមកកម្ពុជានេះ ភាគីកម្ពុជានិងចិនបានបង្កើនកិច្ចសហប្រតិបត្តិការនយោបាយ ដោយភាគីទាំងពីរប្តេជ្ញាមិនអនុញ្ញាតឱ្យមាន សកម្មភាពអរិភាពណាមួយកើតឡើងលើទឹកដី នៃ ប្រទេសមួយប្រឆាំងនឹងប្រទេសមួយទៀតឡើយ។
ភាគីទាំងពីរបានអះអាងជាថ្មីនូវការគាំទ្រគ្នាយ៉ាងមុះមុត ចំពោះផលប្រយោជន៍ស្នូលរបស់គ្នា ទៅវិញទៅមក។ ភាគីកម្ពុជាបានបញ្ជាក់ជាថ្មីពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយ ចិនតែមួយ និងចាត់ទុកថា តៃវ៉ាន់ជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីទឹកដីចិន។ កម្ពុជាប្រឆាំងចំពោះ ការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន ដោយចាត់ទុកថា បញ្ហាស៊ីនជាំង ស៊ីចាង ហុងកុង និងតៃវ៉ាន់ គឺជាបញ្ហាផ្ទៃក្នុងរបស់ចិនសុទ្ធសាធ។
ភាគីចិនបានអះអាងជាថ្មីនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះកម្ពុជាក្នុងការជ្រើសរើសដោយ ឯករាជ្យនូវមាគ៌ាអភិវឌ្ឍន៍ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន និងការពារអធិបតេយ្យភាពជាតិ ឯករាជ្យ ភាព និងបូរណភាពទឹកដី និងគាំទ្រកម្ពុជាដើរតួនាទីសកម្ម និងកាន់តែសំខាន់ក្នុងកិច្ចការតំបន់ និង អន្តរជាតិ។
ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ពាណិជ្ជកម្ម និងវិនិយោគ គឺធ្វើឡើងតាមរយៈ ភាគីទាំងពីរបានឯកភាពធ្វើឱ្យស៊ីជម្រៅនូវការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្របញ្ចកោណ ដើម្បីជំរុញការអភិវឌ្ឍកាន់តែខ្លាំងថែមទៀត។
ភាគីទាំងពីរបានឯកភាពធ្វើការរួមគ្នា ដើម្បីកសាងច្រវាក់ផ្គត់ផ្គង់ និងឧស្សាហកម្មប្រកប ដោយសុវត្ថិភាព និងស្ថិរភាព ព្រមទាំងបានប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍតំបន់កិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មស្តង់ដាខ្ពស់ ក៏ដូចជាការលើកកម្ពស់ការកសាងហេដ្ឋារចនា សម្ព័ន្ធគាំទ្រសំខាន់ៗ រួមមានប្រព័ន្ធដឹកជញ្ជូន បណ្តាញថាមពល ខ្សែកាបអុបទិក ឃ្លាំងស្តុកទំនិញនិងភស្តុភារកម្ម។
ជាមួយគ្នានេះកម្ពុជានិងចិនបានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ផ្អែកលើច្បាប់ បើកចំហ តម្លាភាព បរិយាប័ន្ន និងគ្មានការរើសអើង ខណៈរួមគ្នាលើកកម្ពស់ការរីកចម្រើនជាបន្ត បន្ទាប់ នៃច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ក៏ដូចជាសេរីភាវូបនីយកម្មពាណិជ្ជកម្ម ការវិនិយោគ និងការសម្របសម្រួល។ ភាគីទាំងពីរបានឯកភាពបន្តផ្តល់តួនាទីដល់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ តំបន់ ពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងជំរុញយ៉ាងសកម្មឱ្យមានការចុះហត្ថលេខាលើពិធីសារដំឡើងកម្រិត កិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០។
ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ គឺកម្ពុជានិងចិន គ្រោងធ្វើឡើងតាមរយះផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក លើបញ្ហាតំបន់ និង សកល ដែលជាការចាប់អារម្មណ៍និងកង្វល់រួម ហើយប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌ ពហុភាគី និងដើម្បីរួមគ្នារួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក។ ភាគីកម្ពុជា បានអះអាងនូវការគាំទ្រចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) គំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) និងគំនិតផ្តួចផ្តើមអរិយធម៌សកល (GCI) និងបានកោតសរសើរចំពោះការប្តេជ្ញារបស់ចិន ក្នុងការអនុវត្តតំបន់បើកចំហ លើកកម្ពស់មជ្ឈភាពអាស៊ាន និងកិច្ចខិតខំប្រឹងប្រែងជំរុញភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ការកសាងសហគមន៍វាសនារួមអាស៊ាន-ចិន និងសហគមន៍ វាសនារួម នៃសន្តិភាព និងវិបុលភាព ក្នុងបណ្តាប្រទេសមេគង្គ-ឡានឆាង៕ អត្ថបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន (MoINFO APP)
- Share This Post: