កំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រៀមនឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ២១ ខាងមុខនេះ
(ខេត្តកំពត)៖ តាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីរសៀលថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា កំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រៀមនឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធ ដែលជាសមាជិក សមាជិកាអនុគណៈកម្មការចំណុះ។
គួរបញ្ជាក់ផងដែរ កំពង់ផែទេសចរណ៍អន្តរជាតិកំពតថ្មីនេះ មានទីតាំងភូមិសាស្រ្តស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ៤,២៥ហិកតា៕




ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន