ក្រសួងសាធារណការ បើកដំណើរការអនុស្ថានីយជញ្ជីងអចល័ត ភ្នំស្រង់ ខេត្តកំពង់ស្ពឺ សម្រាប់ថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់
(ខេត្តកំពង់ស្ពឺ)៖ កាលពីល្ងាចថ្ងៃទី ១៨ ខេមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបើកដំណើរការអនុស្ថានីយជញ្ជីងអចល័ត ភ្នំស្រង់ ខេត្តកំពង់ស្ពឺ សម្រាប់ថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

ក្រសួងសាធារណការ និងដឹកជញ្ជូន បន្ថែមថា គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណជន ពិសេសម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបរ រថយន្តធុនធ្ងន់ទាំងអស់មេត្តាជ្រាបថា ដើម្បីទប់ស្កាត់បទល្មើសយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានជាប់ធន់តាមអាយុកាលបច្ចេកទេសសាងសង់ គណៈកម្មាធិការ ដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានសម្រេចបង្កើតអនុស្ថានីយជញ្ជាំង អចល័តថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចំនួន ០១កន្លែង ដែលមានជញ្ជីងចំនួន ២ (ពីរ) អមសងខាងផ្លូវ មានឈ្មោះថា អនុស្ថានីយ ភ្នំស្រង់ ខេត្តកំពង់ស្ពឺ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤១ ត្រង់ ចំណុចគីឡូម៉ែត្រលេខ១៩+៩០០ ក្នុងភូមិបាក់ក ឃុំព្រៃញាតិ និងភូមិប្រវឹកពង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចំណុះឱ្យស្ថានីយជញ្ជីងអចល័ត ពោធិថ្មី ខេត្តកំពង់ស្ពឺ។
អនុស្ថានីយ ភ្នំស្រង់ ខេត្តកំពង់ស្ពឺ នឹងចាប់ផ្តើមដំណើរការថ្លឹងសាកល្បងរថយន្តដឹកជញ្ជូនធុនធ្ងន់ ទាំងអស់ និងផ្សព្វផ្សាយអំពីបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ និងអនុវត្តវិធានការតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ចំពោះរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់ពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៥ តទៅ៕


ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន