ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញសេចក្តីបំភ្លឺ ករណីស្ត្រីម្នាក់ ឡាយវីដេអូក្នុងបណ្តាញសង្គម សំណូមពរឱ្យជួយអន្តរាគមន៍យកចេញពីប្រទេសចិន ត្រឡប់មកស្រុកកំណើតវិញ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៥ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណីស្ត្រីម្នាក់ បានឡាយវីដេអូក្នុងបណ្តាញសង្គម សំណូមពរឱ្យសម្តេចតេជោជួយអន្តរាគមន៍យកស្ដ្រីរូបនេះចេញពីប្រទេសចិន ត្រឡប់មកស្រុកកំណើតវិញ។

តាមរយៈសេចក្តីបំភ្លឺព័ត៌មានរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជុំវិញករណីស្ត្រីខាងលើរូបនេះមាន ឈ្មោះ ញ៉ែម ស្រីល័ក្ខ ស្រុកកំណើត នៅភូមិឬស្សីស្រស់ សង្កាត់ និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វើការឡាយវីដេអូក្នុងបណ្តាញសង្គម សំណូមពរឱ្យសម្តេចតេជោជួយអន្តរាគមន៍យកស្ត្រីរូបនេះចេញពីប្រទេសចិន ត្រឡប់មកស្រុកកំណើតវិញ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យអធិការនគរបាលខណ្ឌច្បារអំពៅ ស្រាវជ្រាវករណីនេះ ឃើញថាស្ត្រីខាងលើបានផ្លាស់ចេញពីភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទៅរស់នៅខេត្តព្រៃវែង តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ និងលក់ផ្ទះដែលរស់នៅទៅឈ្មោះ អៀង ពៅ រស់នៅបន្តរហូតដល់សព្វថ្ងៃ។ ពាក់ព័ន្ធនឹងនេះដែរ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងធ្វើកិច្ចការការងារនេះហើយ៕


ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ