បង្ហោះឲ្យគេបោះឆ្នោតនៅលើ Instagram ថា នាងគួរស្លាប់ ឬគួររស់ ចុងក្រោយគេបោះឆ្នោតឲ្យស្លាប់ នាងទៅសម្លាប់ខ្លួនមែន
ក្មេងស្រីអាយុ ១៦ឆ្នាំ មកពីទីក្រុង Kuching រដ្ឋ Sarawak ប្រទេសម៉ាឡេស៊ីបានធ្វើអត្តឃាត បន្ទាប់ពីអ្នកលេងអ៊ិនធឺណិតជាច្រើនបានបោះឆ្នោតឱ្យនាងបញ្ចប់ជីវិតខ្លួនឯង តាមរយៈការស្ទង់មតិមួយនៅលើបណ្តាញ Instagram ។ យោងទៅតាមសារព័ត៌មាន Astro Awani ក្មេងស្រីជំទង់ម្នាក់នេះបានលោតពីអគារជាន់ ទី៣ នៃហាងលក់ទំនិញមួយនៅតំបន់ Bandar Baru Batu Kawa កាលពីយប់ថ្ងៃ ទី១៣ ឧសភា។ មុនពេលកើតហេតុនារីរងគ្រោះបានដាក់ការស្ទាបស្ទង់មតិនៅក្នុង Instagram ដោយសរសេរថា «វាពិតជាសំខាន់ណាស់ សូមជួយជ្រើសរើស D ឬ L (Die/Live) » ក្រោយមកនាងក៏បានអនុញ្ញាតឱ្យអ្នកលេងបណ្តាញ Instagram សម្រេចលើជីវិតរបស់នាង។

ប៉ូលីសស្នងការនៃសង្កាត់ Padawan លោក Aidil Bolhassan បានឱ្យដឹងថា៖ «ប្រហែល ៦៩ភាគរយ នៃអ្នកគាំទ្ររបស់នាង បានគាំទ្រការសម្រេចចិត្តរបស់នាងក្នុងការបញ្ចប់ជីវិត តាមរយះការស្ទង់មតិដែលត្រូវបានបង្កើតឡើងនៅប្រហែលម៉ោង ៣ រសៀលកាលពីម្សិលមិញ»។ នារីរងគ្រោះក៏ត្រូវបានគេឱ្យដឹងផងដែរថា មុនពេលនាងធ្វើអត្តឃាតនាងក៏ធ្លាប់បានសរសេរសារនៅលើបណ្តាញ Facebook ដោយនិយាយថា៖ «ចង់បញ្ចប់ជីវិតនេះ ខ្ញុំហត់ខ្លាំងណាស់» (WANNA QUIT (MY) F*CKING LIFE, I’M TIRED.) ។ យ៉ាងណាមិញខាងប៉ូលិសមិនអាចកំណត់ថា វាជារឿងឃាតកម្មនោះទេ ហើយខណៈនាងកំពុងមានបញ្ហាក្នុងគ្រួសារផងនោះ ក្រុមប៉ូលីសសន្និដ្ឋានថា នារីរងគ្រោះធ្វើអត្តឃាតដោយខ្លួនឯង៕


អត្ថបទ៖ លីដា
ប្រភព៖ worldofbuzz