រហ័សនាម «ធីដៃមួយពាន់» ត្រូវកម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌធ្វើការឃាត់ខ្លួន ជាមុខសញ្ញាចាស់តែងតែបន្លំលួចលុយតាមផ្ទះយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា រហ័សនាម «ធីដៃមួយពាន់» ត្រូវកម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌធ្វើការឃាត់ខ្លួន ជាមុខសញ្ញាចាស់តែងតែបន្លំលួចលុយតាមផ្ទះយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ។

តាមការបញ្ជាក់របស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា រហ័សនាម «ធីដៃមួយពាន់» មុខសញ្ញាចាស់ដែលតែងតែបន្លំលួចលុយតាមផ្ទះយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ត្រូវកម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌធ្វើការបង្ក្រាបបានហើយ។
ដោយមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ០៣៖៤៨នាទីទៀបភ្លឺ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែនការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យនឹងមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង ជានាយការិយាល័យបានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំនុចមុខផ្ទះសំណាក់ លក្ខណ៍ប៊ូទិច ផ្លូវលេខ១៣២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ដោយជនសង្ស័យឈ្មោះ ប៊ុន ធី ហៅធីដៃមួយពាន់ អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅបន្ទប់ជួលមិនចាំលេខ (ម្តុំផ្សារទួលគោក) ផ្លូវមិនចាំលេខ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ចំពោះសម្ភារដកហូតបានមាន ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1LM-3496 (របស់ជនសង្ស័យធ្វើសកម្មភាព)។
នៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ១៧៖២៦នាទី បានចូលបន្លំលួចលុយពីស្រ្តីម្នាក់បានសម្រេចនៅក្នុងផ្ទះលេខ៤៨០ ផ្លូវលេខ២៣០ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។
បច្ចុប្បន្នកម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរតាមនីតិវិធី នឹងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕

ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ