សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ ដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford នៅខេត្តពោធិ៍សាត់
(ខេត្តពោធិ៍សាត់)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ នេះ អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មីរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ស្ថិតនៅ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្រុមហ៊ុន RMA CAMBODIA មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល ៣៣ ឆ្នាំមកហើយ គិតចាប់ពីឆ្នាំ ១៩៩២។ ក្រុមហ៊ុន RMA CAMBODIA ជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល និងសេវាកម្មល្បីៗលើពិភពលោក ព្រមទាំងមានអាជីវកម្មស្ទើរគ្រប់វិស័យ រួមមាន៖ វិស័យយានយន្ត កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ដំណោះស្រាយក្នុងឃ្លាំងសេវាកម្មភតិសន្យាហិរញ្ញវត្ថុ សេវាកម្មជួលរថយន្ត និងឧស្សាហកម្មចំណីអាហារ។ ក្រុមហ៊ុនមានបុគ្គលិកសរុបជាង ៤,០០០ នាក់ ហើយបុគ្គលិកនារីមានចំនួន ១,១៧៨ នាក់ និងបុគ្គលិកជំនាញបច្ចេកទេសមានចំនួន ២,៣០៣ នាក់។
បច្ចុប្បន្ននេះ ក្រុមហ៊ុនបាននាំចូលនិងចែកចាយផ្តាច់មុខនូវរថយន្តម៉ាកល្បីៗជាច្រើនដូចជា៖ រថយន្តម៉ាក Ford, Jaguar Land Rover, Jeep, RAM, Peugeot, ChangAn, Deepal, Mercedes-Benz, និងរថយន្តដឹកធន់ធ្ងន់ម៉ាក Fuso ជាដើម។ រថយន្ត Ford បានទទួលការគាំទ្រពីសំណាក់ប្រជាពលរដ្ឋកម្ពុជារហូតដល់ដណ្ដើមបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមទីផ្សាររថយន្តថ្មី អស់រយៈពេល ៦ ឆ្នាំជាប់ៗគ្នា ដោយគិតចាប់ពីឆ្នាំ២០១៩ មកដល់ពេលបច្ចុប្បន្ន៕



ប្រភព៖ ក្រសួងព័ត៌មាន