ខ្សែភាពយន្តរបស់កាហ្សាក់ស្ថាន ដែលបានថតនៅប្រទេសកម្ពុជា ត្រូវបានសម្ពោធចាក់បញ្ចាំងជាផ្លូវការ នៅទីក្រុង Almaty សាធារណរដ្ឋកាហ្សាក់ស្ថាន
(ទីក្រុង Almaty) ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ខ្សែភាពយន្តរបស់កាហ្សាក់ស្ថាន ដែលផលិតនៅប្រទេសកម្ពុជា ត្រូវបានសម្ពោធចាក់បញ្ចាំងជាផ្លូវការ នៅទីក្រុង Almaty។

កាលពីល្ងាចថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៥ តបតាមការអញ្ជើញរបស់ផលិតកម្ម DAUBAY Production ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងការសម្ពោធការចាក់បញ្ចាំងខ្សែភាពយន្តដែលបានផលិតនៅក្នុងប្រទេសកម្ពុជានាដើមឆ្នាំ២០២៥នេះ ដោយមានទស្សនិកជនចូលរួមទស្សនាយ៉ាងច្រើនកុះករ។
ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញថ្លែងមតិស្វាគមន៍ដល់ប្រជាជនកាហ្សាក់ស្ថាន និងទស្សនិកជនដែលមកទស្សនាផ្ទាល់ អំពីកត្តាសុខសន្តិភាព សុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងកិច្ចគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា រួមទាំងកត្តាអាកាសធាតុអំណោយផលពីធម្មជាតិ ដែលផ្តល់ផលអនុគ្រោះដ៏ប្រសើរដល់ផលិតករបានថតតាមផែនការរបស់ខ្លួនដោយជោគជ័យ និងតាមកាលបរិច្ឆេទគ្រោងទុកដែលអាចចាក់បញ្ចាំងជាដំបូងនាថ្ងៃនេះ៕






ប្រភព៖ ក្រសួងព័ត៌មាន