ការសិក្សាបានបង្ហាញថា ហាងធ្វើក្រចកអាចមានកម្រិតសារធាតុគីមី ដែលងាយបង្កឱ្យមានជំងឺមហារីកច្រើនជាងនៅយានដ្ឋានទៅទៀត
ការសិក្សាថ្មីមួយរបស់អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Colorado បានរកឃើញថា ហាងធ្វើក្រចកមានកម្រិតខ្ពស់នៃសារធាតុគីមី ដែលមានគ្រោះថ្នាក់ និងបង្កជំងឺមហារីក ច្រើនជាងនៅតាមយានដ្ឋាន និងរោងចក្រចម្រាញ់ប្រេងទៅទៀត។ ការស្រាវជ្រាវចេញផ្សាយនៅក្នុងទិនានុប្បវត្តិ Environmental Pollution បានមើលទៅលើកម្រិតនៃសារធាតុគីមីដែលគេហៅថា Volatile organic compounds (VOCs) ដែលជាទូទៅត្រូវបានគេរកឃើញនៅក្នុងផលិតផលក្រចករួមទាំង គីមី formaldehyde ដែលត្រូវបានគេស្គាល់ជាទូទៅថាមាននៅក្នុងថ្នាំលាបក្រចក ដើម្បីធ្វើឱ្យថ្នាំពណ៌ជាប់លើក្រចកបានយូរ។

ការពិតទៅគ្រោះថ្នាក់នៃធាតុគីមីទាំងនេះធ្លាប់ត្រូវបានចេញផ្សាយរួចមកហើយ ក៏ប៉ុន្តែការសិក្សាថ្មីនេះគឺបានរកឃើញចម្លើយនៃតំណភ្ជាប់គ្រោះថ្នាក់របស់វា។ លោក Lupita Montoya អ្នកដឹកនាំការស្រាវជ្រាវ និងជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Colorado បានថ្លែងថា៖ «ការសិក្សានេះផ្តល់នូវភស្តុតាងរឹងមាំ ដែលបង្ហាញថាបរិយាកាស (នៅហាងធ្វើក្រចក) ទាំងអស់នេះមានគ្រោះថ្នាក់ដល់បុគ្គលិក ហើយគោលនយោបាយឱ្យកាន់តែប្រសើរជាងនេះចាំបាច់ត្រូវតែមាន ដើម្បីការពារពួកគេ»។
សារធាតុគីមីងាយធ្វើឱ្យមានគ្រោះថ្នាក់ជាច្រើនត្រូវបានគេរកឃើញនៅក្នុងផលិតផលក្រចកទាំងនោះ ហើយគីមីឈ្មោះថា benzene ត្រូវបាកគេស្គាល់ថា ជាសារធាតុបង្កមហារីកដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការវិវត្តនៃជំងឺមហារីកឈាម។ អ្នកស្រាវជ្រាវក៏បានសិក្សាទៅលើបុគ្គលិកនៅក្នុងហាងធ្វើក្រចកចំនួន ៦នាក់ នៅក្នុងតំបន់ Colorado រយៈពេលជាង ២០ឆ្នាំ ហើយពួកគេបានរកឃើញពីផលប៉ះពាល់ទៅនឹងគីមី benzene និង formaldehyde មានតំណភ្ជាប់ជាមួយជំងឺមហារីកមួយចំនួន។ ជាលទ្ធផលហានិភ័យរួមមាន៖ មហារីកសួត មហារីកក្បាលនិងក កូនកណ្តុរ (Hodgkin’s lymphoma) សុទ្ធតែត្រូវបានគេប៉ាន់ស្មានថា នឹងកើនឡើងចំពោះបុគ្គលិកទាំងអស់នោះ៕

អត្ថបទ៖ លីដា
ប្រភព៖ forbes