ក្រសួងការងារ ជូនដំណឹងពី ករណីឆបោកទៅ សហគ្រាស គ្រឹះស្ថាន ឬកម្មករ និយោជិត ឱ្យប្រើមធ្យោបាយក្លែងក្លាយក្នុងការទូទាត់ថ្លៃសេវាសាធារណៈរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- BY
- Naren
- April 24, 2025
(រាជធានីភ្នំពេញ)៖ នៅរសឿលថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងពី ករណីឆបោកបុគ្គលិករដ្ឋបាល ឬតំណាង សហគ្រាស គ្រឹះស្ថាន ឬសាមីកម្មករ និយោជិត ឱ្យប្រើមធ្យោបាយក្លែងក្លាយក្នុងការទូទាត់ថ្លៃសេវាសាធារណៈរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដំណឹងដល់ដល់សាធារណជន ជាពិសេសបុគ្គលិករដ្ឋបាល ឬតំណាងសហគ្រាស គ្រឹះស្ថាន ឬសាមីកម្មករនិយោជិត ឱ្យបានដឹងថា នាពេលថ្មីៗនេះមានជនអនាមិកបានបង្កើត គណនីតេឡេក្រាមក្លែងក្លាយឈ្មោះ “បណ្ណ/សៀវភៅការងារជនបទេស” (@sfcambodia Chat) ដែលស្រដៀង នឹងឈ្មោះក្រុមតេឡេក្រាម “បណ្ណ/សៀវភៅការងារជនបរទេស” (https://t.me/foreignworkpermit) ផ្លូវការរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានសមាជិកចំនួនជាង ៦ ០០០នាក់ ជាមធ្យោបាយទាក់ទងជាមួយ បុគ្គលិករដ្ឋបាល ឬតំណាងសហគ្រាស គ្រឹះស្ថាន ឬសាមីកម្មករនិយោជិត ដោយជនអនាមិកបានប្រឌិតព័ត៌មាន និង បង្គាប់ឱ្យបុគ្គលិករដ្ឋបាល ឬតំណាងសហគ្រាស គ្រឹះស្ថាន ឬសាមីកម្មករនិយោជិតបង់ប្រាក់ទៅកាន់លេខគណនី ធនាគារ ឬ QR Code ផ្ទេរប្រាក់របស់ខ្លួន ដែលនាំឱ្យមានការខាតបង់ថវិការបស់និយោជក ឬសាមីកម្មករនិយោជិត។ ក្នុងន័យនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមបញ្ជាក់ជូន ដូចខាងក្រោម៖
១. ក្រសួង មិនមានគោលការណ៍ឱ្យមន្ត្រីផ្សព្វផ្សាយលេខគណនីធនាគារផ្ទាល់ខ្លួនទៅបុគ្គលិករដ្ឋបាល ឬតំណាងសហគ្រាស គ្រឹះស្ថាន ឬសាមីកម្មករនិយោជិត នោះទេ ក្រៅពីមធ្យោបាយបង់ប្រាក់តាម ប្រព័ន្ធ FWCMS (auto-reply@admin.fwcms.mlvt.gov.kh) របស់ក្រសួងនឹងផ្ញើទៅអីមែលរបស់ អ្នកស្នើសុំ ឱ្យបង់ប្រាក់តាមរយៈធនាគារដៃគូដូចមាននៅក្នុងព័ត៌មានបង់ប្រាក់ (Payment Information)។ បន្ទាប់ពីទូទាត់រួច ក្រសួងនឹងផ្ញើបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ដែលមាន QR Code ពិតប្រាកដ ដែលភ្ជាប់ទៅគេហទំព័រ https://fwcms.mlvt.gov.kh/ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅអីមែលរបស់អ្នកស្នើសុំ។
២. ក្រសួង កំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនប្រព្រឹត្តបទល្មើស។
៣. ក្នុងករណីសង្ស័យ ឬសាកសួរព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ប្រព័ន្ធ Hotline លេខ ១២៨៦ ឬ “១២៩៧” ឬ ក្រុមតេឡេក្រាមផ្លូវការ “បណ្ណសៀវភៅការងារជនបរទេស” (https://t.me/foreignworkpermit) ឬប្រអប់បណ្តឹងអនាមិករបស់ក្រសួង (https://feedback.mlvt.gov.kh/feedback)៕
- Share This Post: