ព័ត៌មានជាតិ

Tripadvisor នឹងចូលរួមសហការជាមួយក្រសួងទេសចរណ៍កម្ពុជាជួយដល់ការអភិវឌ្ឍដល់សហគមន៍ទេសចរណ៍

BY
Naren
April 24, 2025

(ទីក្រុង Istanbul) ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀល ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា Tripadvisor នឹងចូលរួមសហការជាមួយក្រសួងទេសចរណ៍កម្ពុជាជួយដល់ការអភិវឌ្ឍដល់សហគមន៍ទេសចរណ៍។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Fabrizio Angelo Orlando នាយកទទួលបន្ទុកសកលផ្នែកកិច្ចការ របស់ក្រុមហ៊ុន Tripadvisor (Global Director, Industry Affairs) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយក្រសួងទេសចរណ៏នៃព្រះរាជាណាចក្រកម្ពុជា ផ្តោតលើការផ្តល់នូវលទ្ធភាពដល់សហគមន៍ និងម្ចាស់អាជីវកម្មខ្នាតតូចមានលទ្ធភាពចូលរួមផ្តល់សេវាកម្មក្នុងវេទិការ (Platform) របស់ក្រុមហ៊ុនដ៏ធំ និងល្បីល្បាញក្នុងពិភពលោកមួយនេះ រួមទាំងការផ្តល់នូវការបណ្តុះបណ្តាលផងដែរ។

កិច្ចសហប្រតិបត្តិការនេះ គឺគោរពប្រតិបត្តិតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំដល់ក្រសួងទេសចរណ៏ “សហការសម្របសម្រួលជាមួយប្រតិបត្តិករទេសចរណ៍ និងសហគមន៍ ដើម្បីជំរុញទេសចរណ៍ធម្មជាតិនៅតំបន់នោះឱ្យកាន់តែប្រសើរឡើង ក៏ដូចជាការជួយបង្កើនសមត្ថភាពរបស់សហគមន៍ ក្នុងការផ្ដល់សេវាទេសចរណ៍ផងដែរ” នាដំណើរទស្សនកិច្ចតំបន់ខ្នងផ្សារកន្លងមក។

សូមបញ្ជាក់ថា TripAdvisor គឺជាវេទិកាធំបំផុតមួយលើលោកសម្រាប់ស្វែងរក ស្វែងយល់ ប្រៀបធៀប និងបញ្ចេញយោបល់អំពីទីកន្លែងទេសចរណ៍ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន កន្លែងទេសចរណ៍ និងសេវាកម្មក្នុងវិស័យទេសចរណ៍ពាសពេញពិភពលោក និងបន្តុំជាង១ពាន់លានមតិយោបល់៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: