កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋ នៅក្រុងសិរីសោភ័ណ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់
(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៥ នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា កម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋ នៅក្រុងសិរីសោភ័ណ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់។

យោងតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥ កម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានសហការជាមួយអាជ្ញាធរ មូលដ្ឋានចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃអង្គារ នៅក្នុងសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ។
ប្រតិបត្តិការចុះជួយជួសជុលផ្ទះជូនពលរដ្ឋនេះ ដឹកនាំដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំក្រុមការងារ មន្ត្រីជំនាញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងយោធា ជាច្រើនរូប។
ក្រៅពីការងារការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ តែងតែជំរុញដល់កម្លាំងអធិការដ្ឋាននគរបាលគ្រប់ក្រុង-ស្រុក កម្លាំងនគរបាលរដ្ឋបាលគ្រប់ឃុំ-សង្កាត់ ត្រូវយកចិត្តទុកដាក់ ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានគ្រោះអគ្គិភ័យ ឬគ្រោះធម្មជាតិនានា ពិសេសករណីខ្យល់កន្ត្រាក់ ត្រូវចុះឱ្យដល់មូលដ្ឋាន ដើម្បីស្រង់ព័ត៌មាន ប្រសិនជាក្នុងករណីមានខ្យល់កន្ត្រាក់កើតមានឡើង ត្រូវចេញអន្តរគមន៍ភ្លាមៗ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង២ និង០០រសៀល មានភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្រ្តាក់ បានបង្កឲ្យប៉ះពាល់ក្រុង-ស្រុក ចំនួន ២ មានក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី បណ្ដាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន ៤០ខ្នង សាលាបឋមសិក្សាម្កាក់ចំនួន ១ខ្នង ដើមឈើរលំសង្កត់ចំសាលាទឹកវត្តអង្គាបុស្បចំនួន ១ខ្នង ក្បឿងចំនួន ៣០០សន្លឹក និងស័ង្កសីចំនួន ៥១៨សន្លឹ៕




ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ