ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន លើផ្លូវមហាវិថីព្រះនរោត្តម នៅថ្ងៃទី ២៦ ខែមេសា ខាងមុខនេះ

    BY soknita April 24, 2025
    រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន លើផ្លូវមហាវិថីព្រះនរោត្តម នៅថ្ងៃទី ២៦ ខែមេសា ខាងមុខនេះ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៥ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន លើកំណាត់ផ្លូវមហាវិថីព្រះនរោត្តម នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ។

    ក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានឹងរៀបចំពិធីសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងទិសដៅការងារបន្ត របស់យុវជនគណបក្សប្រជាជនកម្ពុជា ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ០៧:០០នាទី នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល។

    ដើម្បីឱ្យពិធីសន្និបាតខាងលើប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ចៀសចរាចរ ចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីស្តុបជលផល ដល់ស្ពានអាកាសក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី) ចាប់ពីវេលាម៉ោង ០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។

    អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ យោគយល់ អធ្យាស្រ័យ និងបញ្ចៀស ការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើ តាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ។ ផុតរយៈពេល ហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ៕

    ប្រភព៖ មន្ទីរព័ត៌មាន រាជធានីភ្នំពេញ

    Share This Post: