អគ្គនាយកអន្តោប្រវេសន៍ បានបណ្តេញជនជាតិវៀតណាមចំនួន ២០នាក់ ចេញពីប្រទេសកម្ពុជា តាមច្រកព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត
(ខេត្តកំពត)៖ តាមការចុះផ្សាយរបស់ ព័ត៌មានទូរទស្សន៍មហាផ្ទៃ នៅរសៀលថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កាលថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥ អគ្គនាយកអន្តោប្រវេសន៍ បានបណ្តេញជនជាតិវៀតណាមចំនួន ២០នាក់ ចេញពីប្រទេសកម្ពុជាតាមច្រកព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។

តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២០នាក់ (ស្រី៥នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ (មានលិខិតឆ្លងដែន និងគ្មានលិខិតឆ្លងដែន) ករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន (អនុវត្តទោសចប់) ករណីឆបោកមានស្ថានទម្ងន់ទោសគ្មានលិខិតឆ្លងដែន (អនុវត្តទោសចប់)។
នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន ៣នាក់ (ភេទប្រុស) ទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តកំពតចំនួន ៧នាក់ (ស្រី២នាក់) ទទួលពីការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តកោះកុងចំនួន ១នាក់ (ភេទប្រុស) និងទទួលពីពន្ធនាគារខេត្តព្រះសីហនុចំនួន ៩នាក់ (ស្រី៣នាក់)៕




ប្រភព៖ ព័ត៌មានទូរទស្សន៍មហាផ្ទៃ