សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ NPIC និង NTTI ទទួលពានរង្វាន់អន្តរជាតិ លើការអភិវឌ្ឍ TVET
(រាជធានីភ្នំពេញ)) ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ NPIC និង NTTI ទទួលពានរង្វាន់អន្តរជាតិ លើការអភិវឌ្ឍ TVET។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលបានទទួលពានរង្វាន់មាស (Gold Award) និង វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដែលបានទទួលពានរង្វាន់ប្រាក់ (Silver Award) ពីពានរង្វាន់ GEMSET Award របស់ ITE Education Services (ITEES) នៃប្រទេសសិង្ហបុរី។
សម្តេចនាយករដ្ឋមន្ត្រីបានចាត់ទុកថា ពានរង្វាន់ដ៏មានកិត្យានុភាពនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការរីកចម្រើនគួរឱ្យកត់សម្គាល់នៃវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។ លើសពីនេះទៅទៀត គឺជាការសង្កត់ធ្ងន់លើដំណើរវិវត្តន៍ដ៏វិជ្ជមានក្នុងការឆ្លើយតបទៅនឹងអាទិភាពសំខាន់គឺ “មនុស្ស” ដែលត្រូវបានបញ្ចូលជាចម្បងនៅក្នុងបញ្ចកោណទី១ “ការអភិវឌ្ឍមូលធនមនុស្ស” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល៕

ប្រភព៖ ក្រសួងព័ត៌មាន