ក្រសួងសាធារណការ បើកកិច្ចប្រជុំលម្អិតលើវឌ្ឍនភាព នៃគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ
(រាជធានីភ្នំពេញ)៖ នៅល្ងាចថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យយដឹងថា នាព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ បានបើកកិច្ចប្រជុំលម្អិតលើវឌ្ឍនភាព នៃគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ។

ក្នុងនោះមានវត្តមាន ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារសិក្សាលម្អិត នៃគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដោយមានការអញ្ជើញចូលរួមពីសមាជិកអង្គភាពគ្រប់គ្រងគម្រោង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសាលារាជធានីភ្នំពេញ តំណាងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច (EDCF) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសកូរ៉េ Yooshin JV។
ដោយឡែក គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ គ្រោងនឹងសាងសង់ខ្សែកាប (Cable-Stayed) ចំនួនពីរ គឺស្ពានទីមួយឆ្លងកាត់ទន្លេសាប (ពីសង្កាត់វត្តភ្នំ ទៅកាន់សង្កាត់ជ្រោយចង្វារ) និងស្ពានទីពីរឆ្លងកាត់ទន្លេមេគង្គ (ពីសង្កាត់ជ្រោយចង្វារ ទៅកាន់សង្កាត់អរិយក្សត្រ) ដែលមានប្រវែងសរុបប្រមាណ ៣,៥ គ.ម។ បើគិតត្រឹមខែមីនា ឆ្នាំ២០២៥ នេះ ការងារសិក្សាលម្អិតសម្រេចបានប្រមាណ ៥៦,៧៧ ភាគរយហើយ គ្រោងនឹងបញ្ចប់ក្នុងអំឡុងខែមិថុនា ឆ្នាំ ២០២៥ មុននឹងបន្តរៀបចំនីតិវិធីកិច្ចលទ្ធកម្មជ្រើសរើសក្រុមហ៊ុនសាងសង់។ តាមការគ្រោងទុក គម្រោងនេះគ្រោងនឹងបើកការដ្ឋានសាងសង់នាដើមឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់ការងារសាងសង់ក្នុងឆ្នាំ ២០៣០។
គួរបញ្ជាក់ផងដែរ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងក្លាយជាស្ពាននិមិត្តរូបដ៏សំខាន់ និងមានអត្ថន័យ ដោយស្ពាននេះនឹងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ការកាត់បន្ថយថិរវេលា និងថវិកាក្នុងការធ្វើដំណើរ ដែលជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរ ការលើកកម្ពស់វិស័យកសិកម្ម និងពាណិជ្ជកម្ម៕



គម្រោងសាងសង់

គម្រោងសាងសង់
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន