ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំកម្ពុជា សន្យាចូលរួមលេីកកម្ពស់វិស័យវប្បធម៌ នឹងជួយដល់កម្ពុជា ក្នុងសកម្មភាពបោសសម្អាតមីន លើផ្ទៃដីដែលនៅសេសសល់

BY
soknita
April 26, 2025

(ខេត្តបន្ទាយមានជ័យ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំកម្ពុជា សន្យាចូលរួមលេីកកម្ពស់វិស័យវប្បធម៌ នឹងជួយដល់កម្ពុជា ក្នុងសកម្មភាពបោសសម្អាតមីន លើផ្ទៃដីដែលនៅសេសសល់។

ខេត្តបន្ទាយមានជ័យ ដឹកនាំដោយ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម យុត ស្វិនី សមាជិកក្រុមប្រឹក្សា ខេត្តតំណាង ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សាខេត្ត បានទទួលបដិសណ្ឋារកិច្ច លោកជំទាវ Flerida Ann Camille P.Mayo ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រតិភូអមដំណើរ អញ្ជើញមកបំេញបេសកកម្មក្នុងទឹកដីខេត្តបន្ទាយមានជ័យ។

នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានបង្ហាញអំពីសក្ដានុពលរបស់ខេត្ត នូវតំបន់សេដ្ឋកិច្ចពិសេសដែលមានសក្តានុពលក្នុងក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ។ ព្រមទាំង បានលើកឡើងអំពីតំបន់ទេសចរណ៍វប្បធម៌ មានប្រាសាទបុរាណជា ដូចជាប្រាសាទបន្ទាយឆ្មារ ដែលមានវ័យចំណាស់នៅក្នុងខេត្តបន្ទាយមានជ័យ ព្រមទាំងមានទីតាំងប្រវត្តិសាស្ត្រជាច្រើនជូនដល់ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវ Flerida Ann Camille P.Mayo ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា
ក៏បានបង្ហាញចំណាប់អារម្មណ៍ថា ក្រោមការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ពីមួយអាណត្តិ ទៅមួយអាណត្តិ ពិសេសនៅក្នុងអាណត្តិទី៧ ក្រោមការដឹកនាំដោយសម្តេចមហាបវរអធិបតី ហ៊ុន ម៉ាណែត បានដឹកនាំប្រទេស កាន់តែមានការអភិវឌ្ឍលើគ្រប់វិស័យ។

លោកជំទាវ ក៏បានរំឭកអំពីការចុះអនុស្សរណៈនៃការយោគយល់រវាងប្រទេសកម្ពុជា និងហ្វីលីពីន ខណៈ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសហ្វីលីពីន នាពេលកន្លងទៅថ្មីៗនេះ។

តាមរយៈ នៃទំនាក់ទំនងនេះលោកជំទាវ ក៏បង្ហាញក្តីសង្ឃឹមថា ថ្ងៃអនាគតប្រទេសកម្ពុជា និងហ្វីលីពីន កាន់តែមានទំនាក់ទំនងកាន់តែជិតស្និត អាចមានការផ្លាស់ប្តូរបច្ចេកទេស និងអ្នកស្រាវជ្រាវផ្នែកវប្បធម៌ ដើម្បីបង្កើនតម្លៃវប្បធម៌នៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសេីរ។ លោកជំទាវ ក៏បានលេីកឡេីង ថា ក្នុងនាមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានត្រៀមរួចរាល់ក្នុងការសហការក្នុងការចូលរួមលេីកកម្ពស់វិស័យវប្បធម៌របស់ប្រទេសកម្ពុជា ដោយលោកជំទាវ សង្កេតឃេីញថា វិស័យវប្បធម៌នៅប្រទេសកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ បញ្ជាក់ ពីអត្តសញ្ញាជាតិ។

ជាមួយគ្នានោះលោកជំទាវ ក៏សន្យានឹងជួយដល់កម្ពុជា ក្នុងសកម្មភាពបោសសម្អាតមីន លើផ្ទៃដីដែលនៅសេសសល់ក៏ដូចជានៅក្នុងខេត្តបន្ទាយមានជ័យផ្ទាល់។ ហេីយក្រៅពីសកម្មភាពនៃការបោសសម្អាតមីន ក៏នឹងជួយគាំទ្រលើកកម្ពស់វិស័យផ្សេងៗដូចជាវិស័យកសិកម្ម វិស័យសុខាភិបាល និងវិស័យអប់រំ នៅក្នុងប្រទេសកម្ពុជាផងដែរ៕

ប្រភព៖ ក្រសួងមហាផ្ទៃ

Share This Post: