ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុនកូរ៉េខាងត្បូង SK Group បានទិញភាគហ៊ុនតម្លៃ ១ពាន់លានដុល្លារ ពីក្រុមហ៊ុនយក្សវៀតណាម Vingroup

    BY autoadmin May 17, 2019
    ក្រុមហ៊ុនកូរ៉េខាងត្បូង SK Group បានទិញភាគហ៊ុនតម្លៃ ១ពាន់លានដុល្លារ ពីក្រុមហ៊ុនយក្សវៀតណាម Vingroup

    ក្រុមហ៊ុនសាជីវកម្ម SK Group របស់កូរ៉េខាងត្បូង បានចំណាយប្រាក់ ១ពាន់លានដុល្លារ​​ ដើម្បីទិញភាគហ៊ុននៅក្នុងក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនឯកជនធំបំផុតរបស់វៀតណាម។ តាមរយៈការទិញភាគហ៊ុនចំនួន ២០៥.៧លានហ៊ុន ក្នុងតម្លៃមួយស្មើនឹង ១១ម៉ឺនដុង (៤.៨៥ដុល្លារ) ពោលគឺក្រុមហ៊ុន SK Group នឹងមានភាគហ៊ុន ៦.១៥ភាគរយ នៅក្នុងក្រុមហ៊ុនវៀតណាមមួយនេះ។ វាប្រៀបដូចជាជោគជ័យធំមួយសម្រាប់ក្រុមហ៊ុន Vingroup ខណៈកាលពីខែមីនាពួកគេធ្លាប់បានស្វែងរកការបោះឆ្នោតពីភាគហ៊ុនិករបស់ខ្លួន លើផែនការដើម្បីបង្កើនទឹកប្រាក់យ៉ាងហោចណាស់ចំនួន ២៥ពាន់លានដុង (១.៨ពាន់លានដុល្លារ) តាមរយៈការបើកផ្លូវដល់វិនិយោគិនបរទេស។

    ក្រុមហ៊ុននេះគ្រោងនឹងប្រើប្រាស់ប្រាក់ចំនួន ១០ ទ្រីលានដុង (៤៣២.៣លានដុល្លារ) នៃប្រាក់ចំណូល ដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញនូវបំណុលរបស់ខ្លួនដែលមានតម្លៃ ៦ទ្រីលានដុង (២៥៩.៤លានដុល្លារ) ដែលពួកគេបានវិនិយោគលើក្នុងក្រុមហ៊ុនផលិតរថយន្ត VinFast, ក្រុមហ៊ុនបច្ចេកវិទ្យា VinTech និងក្រុមហ៊ុនផលិតទូរស័ព្ទ Vinsmart ។ Vingroup គឺជាក្រុមហ៊ុនដែលបានចុះបញ្ជីធំបំផុតរបស់វៀតណាមដោយមូលធនប័ត្រទីផ្សារ ហើយមានតម្លៃ ៣៦៨ ទ្រីលានដុង (១៥.៨ពាន់លានដុល្លារ)។

    ចំណែកក្រុមហ៊ុន SK Group គឺជាក្រុមហ៊ុនដ៏ធំបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានអាជីវកម្មលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យា អេឡិចត្រូនិក ការដឹកជញ្ចូន និងសេវាកម្ម។ កាលពីឆ្នាំមុនក្រុមហ៊ុននេះមានប្រាក់ចំណូលចំនួន ១៣២ពាន់លានដុល្លារ ដោយទ្រព្យសម្បត្តិសរុបមានចំនួន ១៨៤ ពាន់លានដុល្លារ។ ហើយកាលពីខែកញ្ញា ក្រុមហ៊ុន SK Group ទទួលបានភាគហ៊ុនចំនួន ៩.៥ភាគរយ នៅក្នុងក្រុមហ៊ុន Masan Group ដែលជាក្រុមហ៊ុនចម្រុះមុខជំនួញរបស់វៀតណាម ក្នុងតម្លៃ ៤៧០លានដុល្លារ៕

    អត្ថបទ៖ លីដា
    ប្រភព៖ vnexpress

    Share This Post: